អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Q Win បានលាតត្រដាងរឿងកាលពីអតីតកាលធ្លាប់ត្រូវ បានគ្រូទាយទាយថាលោកជាកូនចង្រៃធ្វើឱ្យទំនាក់ទំនងលោកនិងម្តាយលែងដូចមុន។ ទោះយ៉ាងណាបច្ចុប្បន្ន Q Win បានបញ្ជាក់ឱ្យដឹងថាលោកមិនមែនជាកូនចង្រៃនោះទេថែមទាំងជាកូនកតញ្ញូ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមអាចនឹងពើបប្រទះវីដេអូបែបកំប្លែងៗរបស់អ្នកបង្កើតមាតិកា Q Win ដែលលោកមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ជាមួយនឹងប្រជាប្រិយភាពរបស់ខ្លួន Q Win គឺបានសាងភាពល្បីល្បាញសម្រាប់ខ្លួនក្នុងវិស័យ Content Creator លេចមុខតាមកម្មវិធីជាច្រើន។ 
ទោះយ៉ាងណាទស្សនិកជនធ្លាប់តែឃើញវីដេអូកំប្លែងៗរបស់ Q Win ប៉ុន្តែខ្សែជីវិតរបស់ អ្នកបង្កើតមាតិការូបនេះអ្នកគាំទ្រអាចនឹងមិនទាន់បានដឹងទេថា Q Win ធ្លាប់ត្រូវបានគ្រូទាយទាយថាលោកជាកូនចង្រៃ។

Q Win បានបញ្ចេញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីពេលថ្មីៗនេះដោយបានរៀបរាប់ថា «សូមទោសម៉ាក់ កូនពិតជាសូមទោសមែន កូន share ឱ្យម៉ាក់ឃើញ កូនចាំមិនភ្លេចទេ។ បន្ទាប់ពីនឹងម៉ាក់ពិបាកចិត្ត ហើយទៅរកគ្រូទាយ គ្រូទាយ ទាយថាកូនធំឡើងគឺកូនចង្រៃ បំផ្លាញគ្រួសារ កូនខឹងគ្រូទាយនឹងណាស់ ដែលធ្វើឱ្យទំនាក់ទំនងយើង លែងដូចមុន ព្រោះកូនលួចស្ដាប់ឮកូនដឹងថាម៉ាក់មិនជឿទាំងស្រុងទេ តែក៏មានការសង្ស័យដែរ ព្រោះកូនខូចមែនកាលហ្នឹង»។
Q Win បានបន្តទៀតថា  តែឥឡូវនេះលោកមិនមែនកូនចង្រៃទេ ជាកូនដែលមើលថែម៉ាក់ ហើយនឹងលោកយាយ បានល្អណាស់។ Q Win ថា «កូនតស៊ូកាត់ទៅរកម៉ាក់ រឹងមាំ ដូចម៉ាក់ វាសានាកូនខុសពីការទាយរបស់គ្រូទាយនោះ ១០០% រយះពេល ៦ ឆ្នាំនេះកូនខំម្នាក់ឯង ដើម្បីឱ្យម៉ាក់ និងលោកយាយ រស់នៅស្រួលមិនបាច់ហត់ ធ្វើការលក់ដូរទៀត កូនធានាចិញ្ចឹមម៉ាក់ ហើយនិងលោកយាយអស់មួយជីវិត…»។
ជាមួយនឹងការលើកឡើងរបស់ Q Win បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញមតិយោបល់របស់ខ្លួនដោយអ្នកខ្លះក៏បាននិយាយថាកុំសូវជឿគ្រូទាយពេក អ្នកខ្លះក៏រំជួលចិត្តចំពោះសំណេររបស់ Q Win ផងដែរ៕
 
		 
	









