អ្នកនិពន្ធបទចម្រៀងនិងប្រលោមលោកដ៏ល្បីល្បាញលោក សុខ ចាន់ផល បានបង្ហោះសំណេរមួយលើកឡើងអំពីវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ននិយាយឆ្គងខ្លាចតែគេមិនដឹងថាសម្តែង។ មតិរបស់លោកត្រូវបានទស្សនិកជនជាច្រើនបង្ហាញការគាំទ្រខណៈមានអ្នកមួយចំនួនថាមិនមែនពេលខ្លះមិនចង់គាំទ្រភាពយន្តខ្មែរនោះទេប៉ុន្តែវាពិបាកក្នុងការគាំទ្រ។

នៅថ្ងៃទី២៤ មិថុនា អតីតអ្នកនិពន្ធចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសបានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ភាពយន្តខ្មែរនាពេលបច្ចុប្បន្ន គេដឹកនាំឱ្យតួសម្ដែងនិយាយស្ទីលល្ខោន ស្ដាប់ទៅឆ្គងណាស់! បើនិយាយធម្មតា ធម្មជាតិៗទៅថី? សម្ដែងឱ្យដូចមែនទែន បានល្អមើល —ខ្លាចតែគេមិនដឹងថា កំពុងសម្ដែង!»។
សំណេររបស់កវីនិពន្ធ សុខ ចាន់ផល ដ្បិតថាមិនច្រើនបន្ទាត់ក្តីប៉ុន្តែមានអ្នកគាំទ្រជាច្រើនបង្ហាញការយល់ស្របនូវអ្វីដែលលោកបានលើកឡើងព្រោះវិស័យភាពយន្តខ្មែរមួយចំនួនវាពិបាកក្នុងការឱ្យទស្សនិកជនគាំទ្រព្រោះតែការសម្តែងនៅមិនទាន់បានល្អនៅឡើយ។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «នេះជាពាក្យដែលខ្ញុំចង់និយាយ ដូចមិនទាន់ចែកដាច់ អ្វីទៅហៅថាភាសានិយាយ អ្វីទៅហៅថាភាសាសរសេរ ( សូមធ្វើការស្វែងយល់ឱ្យច្បាស់ ការនិយាយមិនដូចការសរសេរទេ ) សូមអ្នកដឹកនាំរឿងសម័យថ្មី មេត្តាយល់ពីបញ្ហានេះផង»។ «រឿងកុនខ្មែរបច្ចុប្បន្នផ្តោតសំខាន់លើតួអង្គសា្អតៗច្រើនពេកមើលទៅបាត់រូបារម្មណ៍(បាត់រសជាតិខ្មែរ)»។
អ្នកផ្សេងទៀតបានបញ្ចេញមតិថា «ការសំដែង ខ្វះភាពប្រទាក់ក្រឡាគ្នា និយាយទៅអ្នកដឹកនាំរឿងខ្សែភាពយន្តខ្សោយអក្សរសាស្ត្រ អក្សរសិល្បិ៍ខ្មែរ។ នាំគ្នាមើលរឿងថៃនិងរឿងឥណ្ឌូណេស៊ីច្រើនពេក ដឹកនាំរឿងលំនាំតាមគេ ទាំងតួអង្គនិងបរិយាកាស», «តួច្រើនស្អាត! តែស្អាតហើយរវល់ គ្មានពេលទន្ទេញប៉ារ៉ូលទេ»។ «ពិតៗបង ចឹងមែនតាសតាសសាច់រឿងល្អមើលតែគេ ឱ្យតួនិយាយបែបដូចល្ខោន អ្នកមើលរាងចង់តឹងទ្រូង»…៕
 
		 
	









