តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងនៅឯប្រទេសម៉ាឡេស៊ី។ ជាមួយនឹងឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិលើកនេះ ទេព បូព្រឹក្ស បាននិយាយប្តេជ្ញាថាបើនាងមានឱកាសសម្តែងនៅក្រៅស្រុកនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅជាមួយ។
ថ្មីៗនេះមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង ទេព បូព្រឹក្ស និយាយពីគ្រឿងបុរាណខ្មែរដែលមិនអាចមានអ្នកណា Copy ដូចដោយនាងបញ្ជាក់ថាមិនអាចCopy បានដោយសារតែក្បាច់ គេធ្វើជ័រ ប៉ុន្តែខ្មែរគឺធ្វើរបស់ពិត ធ្វើចេញពីស្ពាន់ជាដើម។ តារាចម្រៀងរូបនេះថាត្រឹមការសម្តែងក្នុងស្រុកនៅពាក់របស់ពិត ហើយក៏មិនដែលសិល្បៈវប្បធម៌ខ្មែរណាពាក់គ្រឿងលម្អជាជ័រនោះទេ។ ទេព បូព្រឹក្ស ក៏សង្កត់ធ្ងន់ថា ក្នុងនាមជាកូនខ្មែរមានឈាមជ័រជាខ្មែរត្រូវស្វែងយល់ចំណុចនេះឱ្យបានច្បាស់មិនអាចចេះតែនិយាយបាននោះទេ។
ភរិយា ជី ដេវីត បាននិយាយទៀតថា នាងបានឃើញខម្មិនខ្លះថាធ្វើឱ្យពិបាកខ្លួនធ្វើអ្វី មិចមិនធ្វើពីជ័រទៅ ត្រង់ចំណុចនេះ ទេព បូព្រឹក្ស ថាសម្រាប់មកុដគ្រឿងនៅលើខ្លួនរបស់ខ្មែរគឺស្អាតណាស់តាំងពីដើមមក។
ទេព បូព្រឹក្ស បាននិយាយថា ជីវិតក្នុងអាជីពសិល្បៈគឺនាងឆ្អែតហើយនៅក្នុងស្រុកគេស្គាល់ថាជា ទេព បូព្រឹក្ស ហើយបើសិនជានាងទៅសម្តែងនៅក្រៅប្រទេសក្នុងលក្ខខណ្ឌណាមួយក៏ដោយគ្រប់ឆាកឱ្យតែគេបើកឱកាសឱ្យនាងសម្តែងគឺនាងត្រូវតែនាំយករវប្បធម៌ខ្មែរទៅផ្សព្វផ្សាយ។ ម្ចាស់បទ «ទេវរាជ» ថាអ្វីដែលនាងធ្វើរាល់ថ្ងៃចង់ឱ្យដល់គោលដៅឱ្យគេដឹងថាវប្បធម៌ខ្មែរយ៉ាងមិច។
គួរបញ្ជាក់ផងដែរថា ការសម្តែងរបស់តារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Round Festival នៅឯប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ មិថុនា គឺពិតជាមិនឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយនាងបានសម្តែងបែបសហសម័យរំលេចនូវសិល្បៈវប្បធម៌ខ្មែរមកជាមួយធ្វើឱ្យទស្សនិកជនដែលចូលរួមផ្ទាល់ស្រែកហ៊ោរយ៉ាងខ្លាំង៕
 
		 
	









