ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ធ្វើឱ្យខេត្តត្រាតរបស់ថៃបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១០០លានបាតក្នុង១ថ្ងៃ ដោយសារបាត់បង់ភ្ញៀវទេសចរខ្មែរ និងបរទេស ខណៈអាជីវករថៃពុំអាចលក់ដូរនៅព្រំដែន ។ អាជីវករថៃបានសំណូមពរឱ្យកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។.png)
កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា កងទ័ពថៃប្រកាសបិទព្រំដែនកម្ពុជា-ថៃទាំងអស់ រួមទាំងព្រំដែននៅខេត្តត្រាត ចំនួន២កន្លែង គឺព្រំដែន១កន្លែង ស្ថិតនៅស្រុកបរៃ ជាប់ខេត្តបាត់ដំបង និងព្រំដែន១កន្លែងទៀតនៅស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ។ បន្ទាំប់ពីបិទព្រំដែនឃើញថា អាជីវករថៃពុំអាចលក់ដូរនៅព្រំដែនដូចមុន ពីព្រោះគ្មានភ្ញៀវទេសចរ ។

ក្នុង១ឆ្នាំៗ តម្លៃពាណិជ្ជកម្មរវាងខេត្តត្រាតជាមួយកម្ពុជា គឺស្មើជាង៣ម៉ឺន៤ពាន់លានបាត ឬមានតម្លៃពាណិជ្ជកម្មក្នុង១ខែ ចំនួន៣,០០០លានបាត ឬស្មើ១០០លានបាតក្នុង១ថ្ងៃ ។ ទោះជាទំនិញថៃភាគច្រើនដែលនាំចេញទៅកម្ពុជា គឺបញ្ជូនមកពីទីក្រុងបាងកក ប៉ុន្តែទំនិញនៅខេត្តត្រាត ក៏មានការទិញ-លក់យ៉ាងច្រើនដែរ ដូចជា ៖ សម្ភារៈសំណង់ អាហារកញ្ចប់ ផ្លែឈើ និងដំណាំកសិកម្ម ។
មុននេះ ការកំណត់ពេលវេលាបើក-បិទច្រកព្រំដែនកម្ពុជា-ថៃ គឺពុំសូវរងផលប៉ះពាល់ធ្ងន់ធ្ងរដូចពេលនេះទេ អាជីវករអាចលក់ដូរបានខ្លះៗនៅព្រំដែន ប៉ុន្តែក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ វាប៉ះពាល់ដល់ប្រាក់ចំណូលអាជីវករ ១០០% រយៈពេលយូរ ពីព្រោះពុំអាចលក់ដូរទំនិញទៅមកបាន ។ បើបិទព្រំដែនកាន់តែយូរ កាន់ តែប៉ះពាល់ខ្លាំងជាងនេះ ។.png)
វិស័យប៉ះពាល់ខ្លាំងបំផុត គឺវិស័យទេសចរណ៍ត្រូវបិទទ្វារ ពុំអាចធ្វើដំណើរទៅណាបាន ហើយភ្ញៀវទេសចរបរទេសក៏ពុំអាចធ្វើដំណើរមកខេត្តត្រាត ។ លើសពីនេះ ភ្ញៀវទេសចរខ្មែរដែលធ្លាបើមកកម្សាន្ត និងមកទិញទំនិញនៅទីរួមខេត្តត្រាត ក៏បាត់បង់អស់ ។ កន្លងមក ខេត្តត្រាត តែងតែទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរខ្មែរថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងការលក់រាយ ។
អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បន្តថា អាជីវករថៃសំណូមពរឱ្យផលប៉ះពាល់ប្រាក់ចំណូលដោយសារការបិទព្រំដែនត្រឹមរយៈពេលខ្លី បើពុំដូច្នោះទេ អាជីវករនៅខេត្តត្រាត នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយមន្ត្រីសន្តិសុខ (កងទ័ព) ត្រូវតែយល់ពីស្ថានការណ៍អាជីវកម្ម ។
អ្នកស្រី ឡាត់ដា សុខសាអាត អាយុ៤៥ឆ្នាំ អាជីវករថៃលក់ដូរនៅខេត្តកោះកុង ប្រាប់ថា រងផលប៉ះពាល់ខ្លាំងដោយសារស្ថានការណ៍តានតឹង ត្រូវបិទទ្វារហាងលក់ដូរ ។ តាមធម្មតា អ្នកស្រីធ្វើដំណើរចេញ-ចូលកម្ពុជារាល់ថ្ងៃ ប៉ុន្តែពេលនេះ បិទទ្វារហាងរហូតធ្វើឱ្យបាត់ចំណូលយ៉ាងច្រើន ខណៈបានចំណាយដើមទុនរាប់លានបាត និងបង់ពន្ធត្រឹមត្រូវ ។ បើនៅតែបិទព្រំដែន អ្នកស្រី និងអ្នករកស៊ីផ្សេងទៀតកាន់តែលំបាក ពីព្រោះពុំអាចយកទំនិញទៅលក់នៅកម្ពុជា ទំនិញខ្លះខូចផុតកំណត់ ។
ហេតុនេះ សូមឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីរកដំណោះស្រាយរស់នៅជាមួយគ្នាយ៉ាងមានសន្តិសុខ ពីព្រោះយើងជាប្រទេសជិតខាងគ្នា គួរតែរស់នៅដូចបងប្អូន ពុំគួរមានបញ្ហារាលដាល ៕










