ហ៊ាទី ដែលកំពុងមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នបានបញ្ចេញសារ មួយនៅលើបណ្តាញសង្គមព្រោះប៉ះចំសិស្សប្អូនម្នាក់វាយឬកដាក់ខ្លួន។ ក្នុងនោះ ហ៊ាទី បានបញ្ជាក់ថាគឺជាតារាចម្រៀងល្បីម្នាក់ប៉ុន្តែពុំបានបញ្ចេញឈ្មោះថាជាតារារូបណាឡើយ។
នៅយប់ថ្ងៃទី២២ មិថុនា ហ៊ាទី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ជូនពរឱ្យប្អូនល្បីឱ្យបានយូរណា ឫក ឫកចឹងអី»។ សំណេរមួយនេះបានជំរុញឱ្យអ្នកគាំទ្រ របស់លោកជជែកវែកញែកចង់ដឹងថាជានរណាដែលបង្ហាញអត្តចរិតបែបនេះ។ យ៉ាងណាមិញ ហ៊ាទី បានឆ្លើយតបនឹងគណនីមួយដោយបានបង្ហាញថា មនុស្សដែលលោកបង្ហោះនេះគឺជាតារាចម្រៀង។ ហ៊ាទី បានឆ្លើយតបថា «គេអ្នកចម្រៀង ចឹងគេឫកតិចហើយ ល្បីខ្លាំងណាស់»។

ទោះយ៉ាងណា ការបង្ហោះរបស់ ហ៊ាទី ក៏បានបាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុកផងដែរ។
ជារឿយៗនៅក្នុងសង្គមសិល្បៈបច្ចុប្បន្នគេបានឃើញអ្នកសិល្បៈជាច្រើនរូបបានចេញមកនិយាយពីអ្នកសិល្បៈជំនាន់ក្រោយមានចរិតក្រអើតក្រទមមិនគោរពរៀមច្បង។ ជាក់ស្តែង អ្នកនាង ខាត់ សុឃីម បាននិយាយពីអ្នកសិល្បៈរ៉េបមួយចំនួនមិនគោរពឱ្យតម្លៃអ្នក សិល្បៈបុរាណ។ ចំណែកឯ ផេន ខេក វិញ បាននិយាយអំពីភេទទី៣ជំនាន់ក្រោយៗទើប មាន ឈ្មោះប៉ុន្តែធ្វើឫកមិនឱ្យតម្លៃមិនចេះឱនលំទោនគោរពទៅកាន់រៀមច្បង ក្នុងអាជីពសិល្បៈ។ 
បច្ចុប្បន្ន ហ៊ាទី កំពុងមានទីផ្សារសិល្បៈយ៉ាងខ្លាំងក្រៅពីមុខរបរលក់ជ្រូកខ្វៃរបស់ខ្លួនដោយបានសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបញ្ចាំងក្នុងរោងកុន កម្មវិធីកម្សាន្តចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ការសម្តែងរឿងខ្លី និងកម្មវិធីជាច្រើនទៀតមានទាំងការផ្សាយពាណិជ្ជកម្មផងដែរ៕










