ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ថាណាឆាត ណុមនុន នាយកវិទ្យាស្ថាន IMC និងជាបុគ្គលល្បីនៅប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Thanachart Numnonda» ពីករណីរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អះអាងថា ថៃចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជា ដើម្បីការពារកុំឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃទើបតែចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ពីព្រោះនាយករដ្ឋមន្ត្រីថៃបណ្តោយឱ្យមានឧក្រិដ្ឋកម្មយូរហើយ គួរបង្ក្រាបតាំងពីដំបូង មិនមែនបង្ក្រាបពេលបែកធ្លាយកិច្ចសន្ទនាទេ ។

លោកស្រី ផេថងថាន និយាយថា រដ្ឋាភិបាលថៃនឹងពុំព្រមឱ្យពលរដ្ឋថៃចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនបន្តទៀត ហើយលោក ថាណាឆាត បាននិយាយពីការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ផេថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា គ្មានឧក្រិដ្ឋកម្មឆ្លងដែនអ្វីទេ ប៉ុន្តែជាការជជែករឿងផ្ទាល់ខ្លួនដោយយកផលប្រយោជន៍ជាតិមកចរចា ។ លោកស្រី ផេថងថាន ពុំបានចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនទេ ប៉ុន្តែដៃគូសន្ទនារបស់លោកស្រីជាអ្នកបង្ហាញកិច្ចសន្ទនានេះ ។
លោក ថាណាឆាត បន្តថា ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឬកាត់ផ្តាច់សេវាអ៊ីនធើរណេត គឺនាយករដ្ឋមន្ត្រីថៃគួរតែធ្វើតាំងពីពេលចិនមកបង្ក្រាបក្រុមឆបោកតាមអនឡាញនៅប្រទេសមីយ៉ាន់ម៉ា ។ យើងគ្រប់គ្នាជ្រាបច្បាស់ថា ជនរងគ្រោះដែលត្រូវចាប់យកទៅធ្វើការនៅមីយ៉ាន់ម៉ា គឺជាជនបរទេស ជាពិសេស ជនជាតិចិន ហើយមានពលរដ្ឋថៃខ្លះត្រូវបង្ខំឱ្យធ្វើការនៅកម្ពុជា ប៉ុន្តែនាយករដ្ឋមន្ត្រីពុំបង្ក្រាបពេលនោះ ។
.png)
លោកពុំដឹងពីមូលហេតុអ្វីដែលថៃពុំបង្ក្រាបក្រុមឆបោកតាមអនឡាញ និងគ្មានការកាត់ផ្តាច់សេវាអ៊ីនធើរណេតពេលនោះ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃទើបតែប្រកាសចាត់វិធានការបង្ក្រាបក្រុមឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីទំនាក់ទំនងផ្ទាល់ខ្លួនមានបញ្ហា ។ វាអាចដោយសារដល់ពេលវេលាកាត់ផ្តាច់ផលប្រយោជន៍របស់ភាគីម្ខាងទៀត ។
ចុងក្រោយ លោកសំណូមពរកុំគ្រប់គ្រងប្រទេសដោយយកទំនាក់ទំនងផ្ទាល់ខ្លួនមកសម្រេចចិត្ត ។ អ្នកដឹកនាំល្អត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងនិយាយត្រង់ទៅត្រង់មក ថៃគួរតែបង្ក្រាបក្រុមឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ាមកម៉្លេះ ពុំមែនរង់ចាំរហូតដល់ពេលនេះ ទើបនិយាយថា ពុំព្រមឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះបន្តទៀត ។.png)
គួរបញ្ជាក់ថា កម្ពុជាពុំមែនជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដូចនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីថៃចោទប្រកាន់ បំភ្លៃ មួលបង្កាច់ លាបពណ៌ និងទម្លាក់កំហុសនោះទេ ។ រដ្ឋាភិបាលថៃតែងតែបង្វែររឿងអាក្រក់ៗរបស់ខ្លួនមកឱ្យកម្ពុជា ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរ ប៉ុន្តែថៃទៅវិញទេ គឺជាទីតាំងជួញដូរមនុស្សឆ្លងដែន និងបោកប្រាស់តាមអ៊ីនធើរណេតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយអង្គការសហប្រជាជាតិ (UN) បានកោះហៅរដ្ឋាភិបាលថៃទៅបកស្រាយករណីជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ៕










