រាជធានីភ្នំពេញ៖ ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F, M, ឬ J ត្រូវបានស្នើសុំឱ្យកែសម្រួលការកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ពួកគេទៅជា «សាធារណៈ ឬ Public» ដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់ទៅលើអត្តសញ្ញាណ និងការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក តាមច្បាប់របស់សហរដ្ឋអាមេរិក។
.jpg)
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការតម្រូវបែបនេះ គឺដើម្បីវិនិច្ឆ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបាន ក្នុងនោះរួមមានអ្នកដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិកជាដើម។ .jpg)
គួរឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ 2019 មក សហរដ្ឋអាមេរិកបានទាមទារឱ្យអ្នក ដែលបានដាក់ពាក្យសុំទិដ្ឋាការទាំងអស់ផ្តល់ឱ្យនូវអត្តសញ្ញាណក្នុងបណ្តាញសង្គមរបស់ពួកគេ ដោយបញ្ជាក់នៅលើទម្រង់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនជាជនអន្តោប្រវេសន៍។
ជាងនេះទៅទៀត អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ លើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។ អ្នកដាក់ពាក្យត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ពួកគេ គឺព័ត៌មានពិត និងត្រឹមត្រូវមុនពេលពួកគេចុះហត្ថលេខា និងបញ្ជូន។ ការមិនបញ្ជាក់ព័ត៌មានអំពីបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការ អាចនាំឱ្យមានការបដិសេធមិនអោយទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត។
គួរបញ្ជាក់ថា ការកំណត់លក្ខខណ្ឌក្នុងការត្រួតពិនិត្យលើគណនីបណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំទិដ្ឋាការនេះ គឺសំដៅលើទិដ្ឋាការដែលមិនមែនទិដ្ឋាការអន្តោប្រវេសន៍ប្រភេទ F, M, ឬ J។ ទិដ្ឋាការប្រភេទ F គឺសំដៅលើទិដ្ឋាការសម្រាប់និស្សិតបរទេសដែលចង់សិក្សានៅសហរដ្ឋអាមេរិក, ទិដ្ឋាការប្រភេទ M គឺសម្រាប់និស្សិតដែលចង់សិក្សានៅគ្រឹះស្ថានមិនសិក្សាដូចជាសាលាបច្ចេកទេស ឬវិជ្ជាជីវៈ, ហើយទិដ្ឋាការប្រភេទ J គឺសម្រាប់អ្នកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ។ ទិដ្ឋាការទាំងនេះមានលក្ខខណ្ឌ និងតម្រូវការខុសៗគ្នា អាស្រ័យលើគោលបំណងនៃការស្នាក់នៅ និងប្រភេទនៃកម្មវិធីសិក្សា។
ដូចនេះ រាល់ការស្នើសុំទិដ្ឋការផ្សេងក្រៅពីទិដ្ឋាការប្រភេទទាំងបីខាងលើនេះ នឹងតម្រូវឲ្យមានការត្រួតពិនិត្យតឹងរឹងលើរបៀបប្រើប្រាស់បណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំជាមុនសិន នោះទើបខាងទូតអាមេរិកអាចសម្រេចបានថា បេក្ខជនរូបនោះគួរទទួលបានទិដ្ឋាការដើម្បីចូលទឹកដីអាមេរិកដែរឬទេ៕










