ថៃ ៖ ចេះតែចោ.ទខ្មែរ ថាជាជម្រករបស់ក្រុមឧក្រិដ្ឋជនឆ្លងដែនពាក់ព័ន្ធនឹងករណីឆបោ.ក និងជួញដូរមនុស្សតាមអនឡាញ ពេលនេះស្រាប់តែរដ្ឋាភិបាលថៃ ជាអ្នកដែលត្រូវបានភ្នាក់ងារអង្កការសហប្រជាជាតិ ទាមទារឲ្យទៅស្រាយបំភ្លឺអំពីការលើកឡើងទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លិខិតរបស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃថាជាមជ្ឈមណ្ឌលសម្រាប់នាំយកជនរងគ្រោះ ដែលមកពីប្រទេសជិតខាង ជាពិសេសនៅតំបន់ព្រំដែនជាមួយរដ្ឋ Karen របស់មីយ៉ាន់ម៉ា។ លិខិតនេះបានបង្ហាញពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ លើការស៊ើបការណ៍សម្ងាត់ ដែលបានទទួលអំពីបុគ្គលមកពីជុំវិញពិភពលោក រួមទាំងអាស៊ីបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាមេរិកខាងត្បូង ដែលត្រូវគេលួចចូលធ្វើការដោយបង្ខំនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ទំនើប។ ហើយកាន់តែគួរឱ្យព្រួយបារម្ភទៀតនោះ ប្រតិបត្តិការទាំងនេះមួយចំនួន ត្រូវបានគេនិយាយថាពឹងផ្អែកលើធនធានពីភាគីថៃ រួមទាំងថាមពល ទំនាក់ទំនង និងនៅជិតបណ្តាញហិរញ្ញវត្ថុ។
ជនរងគ្រោះត្រូវបានគេរាយការណ៍ថា ត្រូវបានទាក់ទាញដោយការផ្សាយពាណិជ្ជកម្មបោ.កបញ្ឆោតតាមអ៊ីនធឺណិតដែលសន្យាថានឹងរកប្រាក់ចំណូលបានច្រើន ប៉ុន្តែជាក់ស្ដែងពួកគេត្រូវបានគេយកទៅកេងប្រ័ញ្ចកម្លាំងពលកម្ម ដាក់ឃុំឃាំងដោយមានអ្នកយាម ដកហូតលិខិតឆ្លងដែន និងរបស់របរផ្ទាល់ខ្លួនជាដើម។
.jpg)
ជាមួយគ្នានេះ លិខិតផ្លូវការរបស់អង្គការសហប្រជាជាតិ ស្នើឱ្យរដ្ឋាភិបាលថៃ ផ្តល់ការបំភ្លឺលម្អិតលើចំណុចខាងក្រោមរួមមាន៖
១. អំពីជំហររបស់រដ្ឋាភិបាល៖ ត្រូវបង្ហាញពីជំហរផ្លូវការរបស់ប្រទេសថៃ លើការចោទប្រកាន់ទាំងអស់ដែលមានចែងក្នុងលិខិតរបស់អង្គការសហប្រជាជាតិ។
២. អំពីវិធានការទ្វេភាគី/ពហុភាគី៖ រដ្ឋាភិបាលថៃត្រូវបង្ហាញពីព័ត៌មានលម្អិតនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសផ្សេងទៀត ដើម្បីទប់ស្កាត់ និងដោះស្រាយទម្រង់ជាក់លាក់នៃការជួញដូរមនុស្សនេះ។
៣. អំពីបញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ៖ លើកឡើងពីឧបសគ្គដែលត្រូវប្រឈមមុខ ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានបង្ខិតបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងយុទ្ធសាស្ត្រដែលត្រូវប្រើដើម្បីយកឈ្នះលើបញ្ហាទាំងនេះ។
៤. អំពីគោលការណ៍មិនដាក់ទណ្ឌកម្ម៖ ត្រូវបង្ហាញពីជំហានដែលប្រទេសថៃបានអនុវត្ត ដើម្បីធានាថាជនរងគ្រោះពីការជួញដូរមនុស្សមិនត្រូវបានពិន័យសម្រាប់បទល្មើសដែលកើតចេញពីការកេងប្រវ័ញ្ចរបស់ពួកគេ។ ឧ. ពួកគេត្រូវបានបង្ខំឲ្យប្រើប្រាស់ ឬចែកចាយថ្នាំញៀន នោះប្រទេសថៃត្រូវប្រាកដថាខ្លួននឹងមិនដាក់ទណ្ឌកម្មលើជនរងគ្រោះឡើយ។
៥. អំពីការបណ្តុះបណ្តាលផ្នែកកុងស៊ុល៖ ព័ត៌មានស្តីពីការបណ្តុះបណ្តាលផ្តល់ដល់បុគ្គលិកកុងស៊ុល និងស្ថានទូតថៃ ដើម្បីកំណត់អត្តសញ្ញាណ និងជួយជនរងគ្រោះ៕










