ថ្មីៗនេះអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនបានប្រកាសជាសាធារណៈជួយផ្សព្វផ្សាយផលិតផលខ្មែរដោយឥតគិតថ្លៃក្នុងស្មារតីជួយទ្រទ្រង់ផលិតផលក្នុងស្រុក។ អ្វីដែលកាន់តែពិសេស ប៉ីប៉ី ឌី បុគ្គលដែលពូកែធ្វើទីផ្សារគឺបានប្រកាសជួយផ្សព្វផ្សាយដោយឥតគិតថ្លៃដូចគ្នាទៅលើផលិតផលខ្មែរឱ្យតែមានលក្ខខណ្ឌត្រឹមត្រូវ។

ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា «ចាប់ពីថ្ងៃទី២៥ទៅ ខ្ញុំមានពេលទំនេរ បងប្អូនដែលមានផលិតផលខ្មែរ ពិសេស ដំណាំ ចំការ និងក្រុមហ៊ុនខ្មែរដែលមានច្បាប់ និងស្តង់ដារត្រួតពិនិត្យត្រឹមត្រូវទាំងអស់ អាចទាក់ទងមកខ្ញុំចាប់ពីពេលនេះបានខ្ញុំទទួលថតpromoteដោយមិនគិតថ្លៃទេ មិនថាខេត្តឬក្រុងឡើយ»។

មិនត្រឹមតែប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ីប៉ី ឌី នឹងទៅចុះថតនៅទីតាំងផ្ទាល់ទៀតមិនថានៅខេត្តឬក្រុងឡើយហើយនេះជាការតបស្នងនូវសេចក្តីស្រលាញ់ដែលចូលចិត្តលោកកន្លងមក។ ប៉ីប៉ី ឌី បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនឹងចុះទៅដល់ទីតាំងផ្ទាល់នេះជាអ្វីដែលខ្ញុំអាចតបស្នងចំពោះការចូលចិត្ត និងគាំទ្រខ្ញុំកន្លងមក ហើយខ្ញុំពិតជាចង់ឃើញ បងប្អូនខ្មែរយើងរីកចម្រើន ទៅមុខទាំងអស់គ្នានិងសូមអោយបងប្អូនខ្មែរ ងាកមកគាំទ្ររបស់ខ្មែរ ព្រោះយើងមិនអន់ទេ»។
ការប្រកាសជាសាធារណៈបែបនេះទស្សនិកជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ប្រពៃមួយនេះរបស់ ប៉ីប៉ី ឌី ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយផលិតផលជាតិស្របពេលនេះប្រទេសខ្មែរកាត់បន្ថយការនាំចូលផលិតផលពីសៀម។ មហាជនក៏ជ្រាបមកហើយថារាល់ការធ្វើទីផ្សាររបស់ ប៉ីប៉ី ឌី គឺពិតជាមានអត្ថប្រយោជន៍និងទទួលបានផលច្រើនពីព្រោះកន្លងមកលោកបានធ្វើឱ្យទស្សនិកជនបានឃើញពីការធ្វើទីផ្សារដ៏ខ្លាំងរបស់លោករហូតទទួលបានភាពជោគជ័យលើវិស័យជំនួញមានសាខាជាច្រើនកន្លែងក្នុងប្រទេស ខណៈម្ចាស់អាជីវកម្មដទៃទៀតក៏ទទួលបានផលប្រយោជន៍តិចឬច្រើនដូចគ្នាពីការផ្សព្វផ្សាយរបស់លោក។
ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី ក៏ស្នើឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើននិងអំពាវនាវអាជីវករកុំតម្លើងតម្លៃហួសហេតុពេក៕










