ដូចយើងបានដឹងស្រាប់មកហើយថា ប្រទេសកម្ពុជាយើង និង ថៃមានការប្រាព្ធនូវពិធីច្រត់ព្រះនង្គ័លដូចគ្នា។ ក្នុងឆ្នាំ ២០២៥ នេះប្រទេសទាំងពីរបានប្រារព្ធពិធីនេះហើយរួចរាល់យ៉ាងឧឡារិករៀងៗខ្លួនកាលពីខែឧសភាកន្លងទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ គឺឧសភរាជថៃ បានជ្រើសរើសបរិភោគស្មៅ និងផឹកស្រា ហើយលទ្ធផលនេះហោរាថៃបានទាយថាល្អ ដែលការទស្សន៍ទាយបែបនេះហាក់ផ្ទុយពីក្បួនតម្រាខ្មែរទាំងស្រុង។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅកម្ពុជាឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅទទួលបានលទ្ធផលល្អប្រសើរជាប្រក្រតី ដោយឧសភរាជទាំងពីរបានជ្រើសរើសបរិភោគ ស្រូវ ពោត និងសណ្ដែក។ លទ្ធផលនេះត្រូវបានគេព្យាករណ៍ទុកថា សម្រាប់ឆ្នាំនេះទិន្នផលនៃដំណាំខាងលើនឹងទទួលបានផលខ្ពស់ និងដំណាំកសិកម្មផ្សេងទៀតក៏ទទួលបានផលល្អគួរសម ព្រមទាំងគ្មានជំងឺដង្កាត់ធ្ងន់ធ្ងរណាមួយកើតមានលើសត្វពាហនៈរបស់កសិករផងដែរ។
ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើលលទ្ធផលរបស់ពិធីច្រត់ព្រះនង្គ័លនៅប្រទេសថៃ គឺឧសភរាជរបស់ថៃបានជ្រើសរើសស៊ីស្មៅ និងផឹកស្រា។ ទោះជាយ៉ាងណា លទ្ធផលនេះត្រូវបានហោរាថៃគុនគូរឃើញថា វាជារឿងល្អនោះទេ ហើយឆ្នាំនេះប្រទេសថៃនឹងទទួលបានផលល្អ សម្បូរសប្បាយ ទាំង្នែកកសិកម្ម និងការធ្វើពាណិជ្ជកម្មជាមួយបរទេស។

ក្នុងនោះ នៅក្នុងក្បួនទស្សន៍ទាយរបស់ថៃបានចារថា «គោស៊ីស្មៅ» ទំនាយទាយថា ការធ្វើកសិកម្មរបស់កសិករនឹងទទួលបានផលច្រើន ពិសេសលើដំណាំធុញ្ញជាតិ ផ្លែឈើ និងសាច់ ព្រមទាំងមានការផ្គត់ផ្គង់ទឹកបានច្រើនគួសមផងដែរ។ លើសពីនេះ «គោផឹកស្រា» បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើន ដោយ«ស្រា» តំណាងឲ្យការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តារប្រទេសជាមិត្ត។
.jpg)
ទោះជាយ៉ាងណា បើក្រឡេកមើលលើក្បួនទស្សន៍ទាយរបស់ខ្មែរយើងពីដើមវិញ ប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាត អាសន្នរោគទាំងឡាយកើតលើសត្វពាហនៈដូចជា គោ ក្របី ជ្រូក សេះ ជាដើម។ ជាងនេះទៅទៀត ប្រសិនបើឧសភរាជ “ផឹកស្រា” នោះទំនាយទាយថា នឹងកើតមានភាពចលាចល បញ្ហាអសន្តិសុខ បញ្ហាទាស់ទែង កលិយុគ ឬសង្រ្គា.មកើតមាននៅក្នុងប្រទេសជាក់ជាមិនខាន។ ហេតុដូចនេះ ទើបចាស់បុរាណតែងមានការព្រួយបារម្ភប្រសិនបើឧសភរាជបរិភោកអាហារទាំងពីរមុខនេះ។
គួរជម្រាបថា បច្ចុប្បន្នបើគេសង្កេតឃើញមានរឿងហេតុជាច្រើនដែលបានកើតមាននៅក្នុងប្រទេសថៃ ហាក់ដូចជាត្រូវជាមួយនឹងការទស្សន៍ទាយដោយប្រើក្បួនតម្រារខ្មែរច្រើនជាង ក្នុងនោះរួមមានការកើតមានជំងឺ«អង់ដ្រាក់»លើសត្វគោ និងសត្វពាហនៈ, គ្រោះធម្មជាតិ, បញ្ហាអស្ថិរភាពនៅក្នុងប្រទេសដូចជា កើតមានជម្លោះជាមួយប្រទេសជិតខាង និងការរង្គោះរង្គើរផ្ទៃក្នុងនៃប្រទេសជាដើម។ ដូច្នេះតើអ្នកយល់ថាក្បួនទស្សន៍ទាយរវាងខ្មែរ និងថៃ មួយណាសមហេតុផល និងត្រឹមត្រូវជាង?










