ថៃ ៖ លោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម ( Digital Economy & Society Ministry ) បានអះអាងថា កម្ពុជាគឺជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ (Cybercrime) ឆ្លងប្រទេសដ៏ធំបំផុតមួយក្នុងពិភពលោក ( World largest hub of transnational cybercrime ) និងថា ការបិទច្រកព្រំដែនជាមួយកម្ពុជាបានកាត់បន្ថយបទល្មើសជាច្រើននៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍។
នៅក្នុងអត្ថបទដែលបានចេញផ្សាយនាយប់ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមិថុនា បាងកកប៉ុស្តិ៍បានឲ្យដឹងថា ៖ ប្រទេសកម្ពុជាត្រូវបានគេមើលថា ជាមជ្ឈមណ្ឌលដ៏ធំបំផុតរបស់ពិភពលោកនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដោយមានការបង្ហាញយ៉ាងច្បាស់ថាប្រតិបត្តិការខុសច្បាប់នានាត្រូវបានគាំទ្រដោយអ្នកមានអំណាច និងមានឥទ្ធិពលនៅក្នុងប្រទេស។ នេះបើយោងតាមសំដីរបស់លោករដ្ឋមន្ត្រី Prasert Jantararauangtong។

លោក Prasert បានបង្ហាញរបាយការណ៍ពីការិយាល័យអង្គការសហប្រជាជាតិផ្នែកទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលបានរកឃើញថា ប្រតិបត្តិការដោយបើកចំហលើទីតាំងជាច្រើននៅជិតព្រំដែនកម្ពុជា-ថៃ ជាមួយក្រុងប៉ោយប៉ែត ទល់មុខស្រុកអារញ្ញ ខេត្តស្រះកែវ ដែលបម្រើជាមូលដ្ឋានយុទ្ធសាស្ត្រឆបោ.កដ៏សំខាន់។

លោក Prasert បានគូសបញ្ជាក់ថា នៅពេលប្រទេសថៃចាប់ផ្ដើមអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា លទ្ធផលចាប់ផ្ដើមបង្ហាញភ្លាមៗពីការថយចុះនៃបទល្មើសក្លែងបន្លំតាមអ៊ីនធើណេត ដោយវាបានធ្លាក់ចុះពី 1,300 ទៅ 900 ករណីក្នុងរយៈពេលមួយថ្ងៃ។
ទិន្នន័យនេះបានបង្ហាញថា គិតចាប់ពីឆ្នាំ២០២២ ដល់ ២០២៣ ថៃមានករណីឆបោ.កតាមអ៊ីនធឺណិតចំនួន 229,000 ករណី ដែលធ្វើឲ្យប្រទេសខាតបង់ផ្នែកហិរញ្ញវត្ថុសរុបចំនួន 34 ពាន់លានបាត។ រហូតមកដល់ឆ្នាំ២០២៤ ដល់ ២០២៥ អាជ្ញាធរបានដោះស្រាយជាង 1.18 លានករណី បង្កកគណនីធនាគារជាង 520,000 និងការពារការខាតបង់ផ្នែកហិរញ្ញវត្ថុលើសពី 19.9 ពាន់លានបាត។ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា ការបិទព្រំដែនជាមួយកម្ពុជា រួមទាំងការកាត់ផ្តាច់ចរន្តអគ្គិសនី និងការប្រើប្រាស់អ៊ីនធឺណិត បានកាត់បន្ថយទំហំនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន និងការក្លែងបន្លំតាមអ៊ីនធឺណិតក្នុងចំនួនដ៏ច្រើន។
លោក Prasert បាននិយាយថា «ខណៈពេលដែលវិធានការនេះ អាចធ្វើឱ្យប៉ះពាល់ដល់សាធារណជន ប៉ុន្តែពួកគេបានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ផ្នែកហិរញ្ញវត្ថុ» ។ លោកបានបន្ថែមថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្រោមច្បាប់ការពារ និងបង្ក្រាបបទល្មើសតាមអ៊ីនធឺណិតឲ្យបានកាន់តែស៊ីជម្រៅ៕










