កូឡាឡាំពួរ អាជ្ញាធរទំនាក់ទំនងរបស់ម៉ាឡេស៊ី បាននិយាយ កាលពីថ្ងៃ ព្រហស្បតិ៍ថា ពួកគេទទួលបានសាលក្រមបណ្តោះអាសន្នពីតុលាការប្រឆាំងនឹងកម្មវិធីផ្ញើសារ Telegram និង channels ពីរ ផ្សេងទៀតនៅលើវេទិកានេះ ពីបទ ផ្សព្វផ្សាយមាតិកាដែលគេអះអាងថាផ្ទុយនឹងច្បាប់របស់ប្រទេស។ នេះបើតាមសារព័ត៌មាន រ៉យទ័រ។

គណៈកម្មាធិការទំនាក់ទំនង និងពហុមេឌៀរបស់ម៉ាឡេស៊ី (MCMC) បាននិយាយថា ពួកគេបានស្នើសុំសាលក្រមនេះ ប្រឆាំងនឹង Telegram បន្ទាប់ពីវេទិកានេះមិនអាចមានវិធានការដោះស្រាយលើមាតិកាដែលទទួលបានការរាយការណ៍ជាប្រចាំ។
ពួកគេបាននិយាយថា មាតិកានៅក្នុងប៉ុស្តិ៍ពីរនោះ ដែលមានឈ្មោះថា “Edisi Siasat” និង “Edisi Khas” មាន “ឥទ្ធិពលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើស្ថាប័នជាតិ និងរំខានដល់សណ្ដាប់ធ្នាប់សាធារណ:សង្គម”។

តុលាការម៉ាឡេស៉ី បានផ្ដល់សាលក្រមបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការផ្សាយនិងការចែកចាយបន្តនៃមាតិកាគ្រោះថ្នាក់ទាំងនោះ និងការបោះពុម្ពឡើងវិញនូវមាតិកាស្រដៀងគ្នា។ ទោះជាយ៉ាងណា គណៈកម្មាធិការមិនបានបញ្ជាក់អំពីប្រភេទមាតិកាដែលគេថាគ្រោះថ្នាក់នោះឡើយ។
បច្ចុប្បន្ន Telegram នៅមិនទាន់មានការឆ្លើយតបណាមួយទាក់ទងនឹងសំណើនេះនៅឡើយទេ។ យ៉ាងណាមិញ អង្គភាពបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា “Telegram នឹងត្រូវបានផ្ដល់ឱកាសយុត្តិធម៌ ដើម្បីដាក់សំណួរ និងការពារខ្លួន តាមគោលការណ៍នៃយុត្តិធម៌ និងសិទ្ធិមូលដ្ឋាន” ។.jpg)
គួរំលឹកថា កាលពីខែមករា មាឡេស៊ីបានចេញច្បាប់ថ្មីមួយស្តីពីបណ្តាញសង្គម ដែលកំណត់ឲ្យវេទិកាសង្គម និងកម្មវិធីផ្ញើសារ ដែលមានអ្នកប្រើប្រាស់លើសពី ៨ លាននាក់ក្នុងប្រទេស ត្រូវតែបានចុះបញ្ជី និងទទួលអាជ្ញាប័ណ្ណ បើមិនដូច្នោះនឹងទទួលវិធានការតាមផ្លូវច្បាប់។ ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបទល្មើសអនឡាញ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃមាតិកាគ្រោះថ្នាក់នៅលើបណ្តាញសង្គម។
អាជ្ញាធរមាឡេស៊ី ចាត់ទុកថា ការភ្នាល់អនឡាញ ការលួច ការផ្សាយឯកសារអំពើពុករលួយលើកុមារ ការកេងបន្លំ ការរំលោភតាមអ៊ីនធឺណិត និងមាតិកាដែលទាក់ទងនឹង ជាតិ សាសនា និងព្រះមហាក្សត្រ គឺជាមាតិកាគួរឱ្យព្រួយបារម្ភ៕










