នៅថ្ងៃ​ទី១៩ មិថុនា​នេះ ក្រសួង​ការបរទេស​ថៃ​ ​​បាន​កោះហៅ​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយ​ប្រគល់​លិខិត​តវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលេចធ្លាយ និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។

បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បាន​ថ្លែង​ថា “ការ​លេច​ធ្លាយ​នៃ​ការ​សន្ទនា​នេះ​គឺ​ជា ការ​រំលោភ​លើ​ក្រមសីលធម៌​ការទូត​ ការ​រំលោភ​ទំនុក​ចិត្ត​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​ការ​ប្រតិបត្តិ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ”។

សារសំឡេងសន្ទនាគ្នានេះ បានធ្វើឡើងតាំងពីថ្ងៃទី១៥ ខែមិថុនា តែទើបតែបែកធ្លាយនៅថ្ងៃទី១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីថៃ បានជជែកអំពីជំហររវាងប្រទេសទាំងពីរ ក្នុងនោះនាយករដ្ឋមន្ត្រីថៃ ស្នើសម្ដេចតេជោ កុំជឿលើសម្ដីរបស់មេទ័ពថៃប្រចាំភូមិភាគពីរ ព្រោះបុគ្គលនេះ បានប្រឆាំង និងយករដ្ឋាភិបាលថៃធ្វើជាសត្រូវ”។

សម្ដេចតេជោ ថែមទាំងអះអាងទៀតថា រាល់ការជជែកគ្នាដោយសម្ងាត់អំពីបញ្ហាសំខាន់ៗ គឺសម្ដេចតែងតែថតសំឡេងសន្ទនាទុក ដើម្បីកុំឱ្យភាគីម្ខាងទៀត និយាយបាតដៃខ្នងដៃ ធ្វើសកម្មភាពផ្ទុយពីសម្ដីរបស់ខ្លួន និងដើម្បីធានាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា៕