តារាចម្រៀង លីម តិចម៉េង បានទម្លាយរឿងរ៉ាវទាក់ទងនឹងឪពុករបស់ខ្លួនដែលមិនសូវ ទទួលបានភាពកក់ក្តៅពីឪពុកហើយអ្នកមានគុណទាំងពីររបស់លោករស់នៅឆ្ងាយគ្នា។ ទោះបីជាដើមឡើយឪពុករបស់ តិចម៉េង មិនគាំទ្រឱ្យលោកដើរលើវិថីសិល្បៈ ធ្លាប់តមាត់តកជាមួយនឹងឪពុករបស់ខ្លួនចាកចេញពីផ្ទះដើរតាមក្តីស្រមៃក្តី ពេលដែលលោកទទួលបានភាពជោគជ័យ តិចម៉េង ក៏មិនភ្លេចគុណឪពុកដូចគ្នា។

នៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីថ្ងៃទី១៥ មិថុនា តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចែករំលែកនៅក្នុងកម្មវិធីអំពីឪពុករបស់ខ្លួន ដោយ បាននិយាយថា «ឪពុកម្តាយរបស់លោករស់នៅផ្សេងគ្នាចំនួន៨ឆ្នាំមកហើយខ្លួនមិនសូវ ជាមានភាពស្និទ្ធស្នាលជាមួយឪពុកនោះទេ នៅពេលឪពុកម្តាយសម្រេចចិត្តចែកផ្លូវគ្នាគឺ តិចម៉េង រស់នៅជាមួយម្តាយ។ ទោះជាយ៉ាងណាក្តី តិចម៉េង ថារូបគេនៅតែចង់អរគុណ ឪពុករបស់ខ្លួនដែលតែងតែបង្រៀនរូបគេឱ្យធ្វើជាមនុស្សប្រុសដែលរឹងមាំ កុំទន់ជ្រាយទៅ លើរឿងអ្វីមួយ។ ក្នុងនោះ លីម តិចម៉េង ក៏បានលាតត្រដាងភាពមិនចុះសម្រុងរវាង លោកនិងឪពុកដែលខ្វែងគំនិតគ្នាលើការចាប់សិល្បៈដោយសារតែឪពុករបស់ តិចម៉េង ចង់ឱ្យកូនប្រុសរបស់ខ្លួនរៀនវិស្វករ។
ទោះបីជាយ៉ាងនេះក្តី តារាចម្រៀងរូបនេះបាននិយាយថា ឪពុកនៅតែជាឪពុក ហើយនៅពេលដែលរូបគេជោគជ័យលើអាជីពសិល្បៈប្រកួតប្រជែងក្លាយជាម្ចាស់ពានលោកក៏មិនភ្លេចគុណឪពុកដូចគ្នា។ តិចម៉េង ថា លោកបានត្រឡប់ទៅរកឪពុកហើយបាន ជួយទិញឡានដែលឪពុករបស់តិចម៉េងគឺជាអ្នកដឹកសិស្សសាលានៅឯខេត្តកំពង់ចាម។
ក្នុងនោះ តិចម៉េង បានបន្ថែមទៀតថាលោកក៏បានត្រៀមសម្រាប់ការទិញដីតូចមួយ ក៏ដូចជាផ្ទះតូចមួយសម្រាប់ឪពុកបើសិនជាគាត់យល់ថាមិនអាចរស់នៅជុំគ្នាបាន នៅដោយឡែកហើយនេះគឺជារឿងទៅមុខទៀតទេ។ តារាចម្រៀងរូបនេះថាលោកក៏ត្រៀម សម្រាប់សមាជិកគ្រួសារស្ទើរតែគ្រប់គ្នាទៅហើយទាំងប្អូននិងម្តាយរបស់លោករួមទាំង ឪពុក ហើយសម្រាប់លោកមួយគឺមិនសូវជាមានវិប្បសារី ឬមានអារម្មណ៍ថាមិនបាន បំពេញតួនាទីជាកូនដែលល្អនោះទេ បើទោះបីជាពេលនេះមិនទាន់បានល្អណាស់ណា ប៉ុន្តែលោកបានធ្វើរឿងមួយមានកិត្តិយសសម្រាប់ឪពុកម្តាយគឺបានចែករំលែករឿងល្អៗដល់បណ្តាប្រិយមិត្តអ្នកគាំទ្រឱ្យបន្តធ្វើរឿងល្អសម្រាប់សង្គម៕










