មនុស្សប្រមាណជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខ ដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព។
អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ឱ្យស្នាក់នៅក្នុងវត្ត ពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីតំបន់ងាយប្រឈមមុខ។
ការជម្លៀសនេះ មិនមែនជាផែនការរបស់រដ្ឋាភិបាលនោះទេ គ្រាន់តែបងប្អូនតាមបន្ទាត់ព្រំដែនមានការបារម្ភពីសុវត្ថិភាព ទើបពួកគាត់ចាកចេញពីលំនៅ មកស្វែងរកទីទួលសុវត្ថិភាពបណ្តោះអាសន្នសិន។
ភូមិទាំង៦នៅក្នុងតំបន់សមរភូមិមុខ មានសរុបប្រមាណ៩,០០០នាក់ ប៉ុន្តែ ក្នុងនោះមានជាង៣,០០០នាក់ ដែលជម្លៀសខ្លួន។
គិតមកទល់បច្ចុប្បន្ននេះ ស្ថានការតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ ដោយកម្ពុជាបានបិទច្រកចេញ-ចូល និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ ពីប្រទេសថៃ៕










