ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា គណបក្សនយោបាយមួយឈ្មោះ «ថៃសាងថៃ» បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងក្រសួងការបរទេសថៃ ប្រញាប់ប្រកាសទៅស្ថានទូតនានានៅប្រទេសថៃ អំពីមូលហេតុដែលថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ជាមួយកម្ពុជា ។.png)
អ្នកនាំពាក្យគណបក្សថៃសាងថៃបានអំពាវនាវឱ្យរដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាសជូនដំណឹងបន្ទាន់ទៅស្ថានទូតនានានៅថៃឱ្យបានដឹងពីមូលហេតុថៃពុំអាចដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
កាលពីថ្ងៃទី១៥ ខែមិថុនា លោក ប៉ារិយុត អាំងគូនគីទិ អ្នកនាំពាក្យគណបក្សថៃសាងថៃបាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃថា គណបក្សថៃសាងថៃសូមអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការផ្តល់ដំណឹងដល់ប្រទេសនានា ជំនួសការធ្វើសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតែក្នុងប្រទេសថៃ ។ បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនអាចនឹងតានតឹងខ្លាំងឡើង បើរដ្ឋាភិបាលថៃខ្វះខាតផែនការទំនាក់ទំនងជាមួយបរទេស និងបង្ហាញគោលជំហរច្បាស់លាស់របស់ខ្លួន រួមទាំងបង្ហាញមូលហេតុដែលថៃពុំអាចដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ។
.jpg)
គណបក្សថៃសាងថៃ ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រញាប់ជូនដំណឹងទៅស្ថានទូតនានានៅប្រទេសថៃផងដែរ ដោយលោក ប៉ារិយុត សួរថា ហេតុអ្វីរដ្ឋមន្ត្រីក្រសួងការបរទេសថៃគ្មានវិធានការអ្វីដើម្បីសម្របសម្រួលជាមួយមន្ត្រីទូតបរទេសប្រចាំនៅថៃ? 
លោកថា សេចក្តីថ្លែងងការណ៍របស់រដ្ឋាភិបាលថៃកន្លងមក គឺគ្មានខ្លឹមសារសំខាន់ដែលលើកឡើងពីមូលហេតុថៃពុំប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហា ។ ដូច្នេះ នាយករដ្ឋមន្ត្រីថៃគួរប្រញាប់ពិភាក្សាជាមួយប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានាអាស៊ាន និងប្រទេសចិនដែលធ្វើសមយុទ្ធជាមួយកម្ពុជា រួមទាំងពិភាក្សាជាមួយប្រទេសបារាំងដែលនឹងធ្វើជាអាជ្ញាកណ្តាលក្នុងការចរចា ។ វាបង្ហាញពីគោលដៅ និងការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយបញ្ហាយ៉ាងសន្តិវិធី និងជាបញ្ហាដែលកម្ពុជា-ថៃអាចដោះស្រាយក្នុងកម្រិតទ្វេភាគី ។.png)
កន្លងមក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបញ្ជាក់ពីគោលជំហរថា ថៃនៅតែដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីប៉ុណ្ណោះ ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ៕










