ប្រទេសថៃ ៖ ប្រទេសថៃខកបំណងយ៉ាងខ្លាំងលើកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាខ្វះការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់យន្តការទ្វេភាគី គឺកម្ពុជាពុំបានចរចាដោះស្រាយបញ្ហាក្នុងតំបន់ជម្លោះទាំង៤ ជាមួយថៃ ។ ប្រធាន JBC ថៃបានឆ្លើយតបរាល់ការលើកឡើងរបស់កម្ពុជាក្នុងកិច្ចប្រជុំ ហើយថាកម្ពុជាបដិសេធជំនួបចរចាទ្វេភាគីផ្សេងទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Dailynews នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៥ ខែមិថុនា ក្រសួងការបរទេសថៃបានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នាថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថា នេះជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ ក្រោយកិច្ចប្រជុំលើកចុងក្រោយកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើការអនុវត្តបច្ចេកទេសក្រោមយន្តការ JBC ចំនួន៤ចំណុច រួមមាន ៖
១-ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
២-ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទីអ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
៣-ពិភាក្សា និងអនុម័តលើការបញ្ចូនក្រុមវាស់វែងចម្រុះចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
៤-ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩) ។
ការឯកភាពអនុម័តលើរបៀបវារៈចំនួន៤នេះ គឺប្រទេសថៃខកបំណងយ៉ាងខ្លាំងចំពោះកម្ពុជា ដែលពុំព្រមសហការជាមួយថៃដោះស្រាយបញ្ហាជាក់លាក់ និងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ប៉ុន្តែកម្ពុជានៅតែប្រកាន់ជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ នេះបង្ហាញថា កម្ពុជាខ្វះការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់យន្តការទ្វេភាគីផ្សេងៗដែលមានរួមគ្នាផ្អែកលើមួលដ្ឋានប្រទេសជិតខាងល្អ ។
លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃបានបញ្ជាក់ពីគោលជំហររបស់ថៃក្នុងកិច្ចប្រជុំដែលបានកត់ត្រា និងភ្ជាប់ក្នុងឯកសារលទ្ធផល Agreed Minutes របស់កិច្ចប្រជុំលើកនេះ ដូចជា ៖
១-សកម្មភាពរបស់ថៃ គឺចាំបាច់ធ្វើតាមគោលការណ៍ការពារខ្លួនពីការវាយប្រហាររបស់កម្ពុជាមុន និងសមស្របតាមច្បាប់អន្តរជាតិ
២-ថៃបង្ហាញការខកបំណងដែលកម្ពុជាពុំចរចាបញ្ហាជម្លោះ៤ចំណុចដោយសន្តិវិធីតាមគោលជំហររបស់រដ្ឋាភិបាលថៃ ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហារួមគ្នាទ្វេភាគី និងតួនាទីសំខាន់របស់ JBC ក្នុងការបង្កើតព្រំដែនច្បាស់លាស់រវាងគ្នាដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជា-ថៃ
៣-ថៃផ្តោតលើសារៈសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់តាម MOU រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ថា ការចុះវាស់វែង និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ ដែលកម្ពុជាបានឯកភាពជាមួយថៃ គឺមិនចាត់វិធានការណាមួយដែលផ្លាស់ប្តូរបរិយាកាសព្រំដែន គ្មានការរំលោភបំពានគ្នាទៅវិញទៅមក ។ ភាគីទាំងពីរត្រូវអត់ធ្មត់ដើម្បីកុំឱ្យស្ថានការណ៍រាលដាល និង
៤-ប្រទេសទាំងពីរត្រូវចៀសវាងការផ្សព្វផ្សាយព័ត៌មានធ្វើឱ្យយល់ខុស និងមានជម្លោះ រួមទាំងផ្តោតលើសារៈសំខាន់នៃការប្រើប្រាស់យន្តការសហការទ្វេភាគីផ្សេងៗជួយដោះស្រាយបញ្ហា ដូចជា ៖ គណៈកម្មការព្រំដែនទូទៅ (GBC), គណៈកម្មការព្រំដែនតំបន់ (RBC) និងកិច្ចប្រជុំអភិបាលខេត្តព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកម្ពុជាបានបដិសេធ ។
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ពុំបានពិភាក្សាពីប្រធានបទដែលកម្ពុជានឹងដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ និងពុំបានពិភាក្សាពីប្រធានបទផែនទីគណៈកម្មការព្រំដែនសៀម-ឥណ្ឌូចិនតាមការលើកឡើងរបស់កម្ពុជា ។ ប៉ុន្តែកិច្ចប្រជុំលើកនេះពិភាក្សាពីប្រធានបទបច្ចេកទេសក្នុងការធ្វើផែនទីថតពីលើអាកាស ។ ភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នៅខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ ៕










