ប្រទេសថៃ ៖ ក្រសួងការបរទេសថៃបានជូនដំណឹងពីគម្រោងកាត់ផ្តាច់ចរន្តអគ្គិសនី និងសេវាអ៊ីនធើរណេតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺថៃមានគោលបំណងបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋ.កម្មបច្ចេកវិទ្យា ហើយការកាត់ផ្តាច់នេះពុំពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។

លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបញ្ជាក់ថា គម្រោងកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធើរណេតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺថៃមានគោលបំណងការពារ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនឹងពិចារណាពីវិធានការនេះបន្ថែមទៀត ហើយនេះពុំមែនជាវិធីសម្រាប់ថៃប្រើប្រាស់ដាក់សម្ពាធលើកិច្ចប្រជុំ JBC ឬរំពឹងលើលទ្ធផលកិច្ចចរចាទ្វេភាគីទេ ។

វាផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មានប្រទេសទាំងពីរដែលថា ថៃកាត់ផ្តាច់អគ្គិសនី និងអ៊ីនធើរណេតនៅតាមព្រំដែនជាប់កម្ពុជា ដោយសារថៃចង់ដាក់សម្ពាធលើកិច្ចប្រជុំ JBC នាពេលឆាប់ៗនេះ ។ ដូច្នេះ ថៃសូមអំពាវនាវឱ្យកម្ពុជាជួយសហការប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ។

ប្រទេសថៃសូមបញ្ជាក់ពីគោលជំហរប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ជាពិសេស កិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា ខណៈការចរចារវាងអង្គភាពកងទ័ពក្នុងតំបន់នៅតែបន្ត ។ ថៃធ្លាប់ពីបានបញ្ជាក់ជាច្រើនលើកហើយនាពេលកន្លងមក គឺថៃប្រកាសពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។

ទោះជាពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យកាត់ផ្តាច់អគ្គិសនី និងអ៊ីនធើរណេតនៅព្រំដែនកម្ពុជា ប៉ុន្តែមតិមួយចំនួនបារម្ភថា វិធានការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែន និងការកាត់ផ្តាច់អគ្គិសនី-អ៊ីនធើរណេតនៅព្រំដែន គឺជាវិធានការដែលថៃរៀបចំឡើងទាំងអស់ដើម្បីចាត់ការរឿងព្រំដែន ។ ថៃយកបញ្ហាការផ្តាច់អគ្គិសនី-អ៊ីនធើរណេតមកពាក់ព័ន្ធអាចធ្វើឱ្យបញ្ហាព្រំដែនកាន់តែតានតឹងខ្លាំងឡើង ប៉ុន្តែក្រសួងការបរទេសថៃបដិសេធថា ការកាត់ផ្តាច់នេះពុំពាក់ព័ន្ធនឹងព្រំដែនទេ ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់គោលជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះជាថៃមានគម្រោងកាត់ផ្តាច់អគ្គិសនី និងសេវាអ៊ីនធើរណេតនៅព្រំដែនក្តី វានឹងពុំធ្វើឱ្យកម្ពុជាផ្លាស់ប្តូរគោលជំហរឡើយ ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជាមានប្រសាសន៍ថា ៖ «ម៉ោងនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស» ៕