ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃបានត្រៀមផែនការដោះស្រាយជាមួយបណ្ដឹ.ងICJរបស់កម្ពុជា។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយវិវាទតាមលទ្ធភាពដែលអាចធ្វើទៅបានតាមរយៈយន្តការគណៈកម្មការព្រំដែនរួម (JBC) ហើយថៃនៅតែរក្សាជំហរមិនទទួលយកយុត្តាធិការរបស់ ICJ ដដែល។ នេះបើយោងតាមសារព័ត៌មានថៃ The Nation Thailand ។
ជាការឆ្លើយតបនឹងពាក្យបណ្ដឹ.ងកម្ពុជាទៅកាន់តុលាការ ICJ ជុំវិញតំបន់ជម្លោះព្រំដែន រួមមានតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី លោក Phumtham បាននិយាយថា វាជាសិទ្ធិរបស់កម្ពុជាក្នុងដំណើរការនីតិវិធីផ្លូវច្បាប់ ប៉ុន្តែសូមរំលឹកឡើងវិញថា ប្រទេសថៃមិនបានទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿងបែបនេះទេ ចាប់តាំងពីការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Srettha Thavisin មកម្ល៉េះ។
.png)
នៅពេលត្រូវបានសួរថា «តើបញ្ហានេះនឹងប៉ះពាល់ដល់កិច្ចប្រជុំ (JBC) ដែលនឹងគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី14 មិថុនា ដែរឬទេ?» លោក Phumtham បានទទួលស្គាល់ថាជម្លោះនេះទំនងជាមិនត្រូវបានដោះស្រាយបានឆាប់រហ័សឡើយ។ រីឯចំពោះសំណួរដែលសួរថា «តើការដាក់ឯកសារឯកតោភាគីរបស់កម្ពុជានឹងមានផលប៉ះពាល់ឬយ៉ាងណានោះ?» លោកបានឆ្លើយតបថា វាពិបាកនឹងទស្សន៍ទាយដែរ។ លោកបានបន្ថែមថា ៖ លោកមិនអាចបកស្រាយព័ត៌មានលម្អិតបានទេ ព្រោះរាល់បញ្ហាផ្លូវច្បាប់នឹងត្រូវចាត់ចែងដោយនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់។ 
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាច្រកទ្វារអន្តរជាតិ លោក Phumtham បានសង្កត់ធ្ងន់ថា ៖ ចំពោះច្រកព្រំដែនជាមួយប្រទេសកម្ពុជា នៅមិនទាន់ត្រូវបានបិទទាំងស្រុងនោះទេ ប៉ុន្តែត្រូវបើកតាមកាលវិភាគ និងការកំណត់ចំនួនមនុស្សឆ្លងកាត់។ លោកបានបង្ហាញទំនុកចិត្តថា ស្ថានការណ៍នឹងប្រសើរឡើងជាបណ្តើរៗ ដោយលើកឡើងពីការបង្កើនទំនាក់ទំនងរវាងកងទ័ពថៃ និងកម្ពុជានៅលើតំបន់ព្រំដែន រួមជាមួយសំណើសម្រាប់ការល្បាតរួមគ្នា និងសកម្មភាពសហការ។
យ៉ាងណាមិញ បើទោះជាបានប្រកាសសារជាថ្មីអំពីការមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្ដី ប៉ុន្តែប្រទេសថៃនឹងនៅតែដោះស្រាយជាមួយកម្ពុជា ព្រមទាំងបានត្រៀមរួចរាល់ជាមួយនឹងវិធានការឆ្លើយតបដ៏សមស្របផងដែរ។ ជាមួយគ្នានេះ លោក Phumtham បានបញ្ជាក់ប្រាប់អ្នកការសែតវិញថា«តើមិនឲ្យយើងត្រៀមឲ្យរួចរាល់ម៉េចនឹងកើតក្នុងពេលមានវិបត្តិជាតិដូចនេះ?»










