កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលមានគោលដៅហោះហើរទៅទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗ ដោយគោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ប្រមាណជាង២២៥គីឡូម៉ែត្រ ។ ការផ្លាស់ប្តូរគោលដៅនេះ ដោយសារយន្តហោះមានទំហំធំជាងផ្លូវ Runway ហើយធ្វើឱ្យអ្នកដំណើរត្រូវជិះរថយន្តក្រុងជាង៣ម៉ោង ដើម្បីមកកាន់គោលដៅចាស់ ។

តាមទិន្នន័យតាមដានរបស់ FlightAware បញ្ជាក់ថា ជើងហោះហើរលេខ៧៨០ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានផ្លាស់ប្តូរគោលដៅភ្លាមៗទៅកាន់អាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពេលកំពុងហោះលើសមុទ្រ Tyrrhenian ។ គោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ក្នុងទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ចម្ងាយជាង២២៥គីឡូម៉ែត្រ ដោយសារយន្តហោះមានទំហំធំពេកពិបាកចុះចតលើផ្លូវ Runway ។

វាជាយន្តហោះប្រភេទ Boeing 787-9 ដែលស្លាបយន្តហោះមានទំហំធំជាងស្លាបយន្តហោះ Boeing 787-8 ។ ហេតុនេះ ទើបធ្វើឱ្យយន្តហោះនេះពិបាកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ហើយក៏ប្តូរទៅចុះចតនៅអាកាសយានដ្ឋាន Fiumicino នៅទីក្រុងរ៉ូម ជំនួសវិញ ។

យន្តហោះបានដឹកអ្នកដំណើរចំនួន២៣១នាក់ ហើយអ្នកដំណើរទាំងអស់ត្រូវជិះរថយន្តក្រុងរយៈពេលជាង៣ម៉ោង ក្នុងចម្ងាយផ្លូវជាង២២៥គីឡូម៉ែត្រ ដើម្បីចាកចេញពីអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនសូមអភ័យទោសយ៉ាងខ្លាំងចំពោះអ្នកដំណើរទាំងអស់សម្រាប់ហេតុការណ៍ដែលកើតឡើងនេះ ។

ការធ្វើដំណើរទៅប្រទេសអ៊ីតាលីជួបឧបសគ្គ ពុំមែនទើបតែកើតឡើងលើកទី១ទេ នាពេលថ្មីៗនេះ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Ryanair មានគោលដៅទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ក៏បានផ្លាស់ប្តូរគោលដៅដែរ ដោយសារមានខ្យល់ព្យុះ និងផ្គររន្ទះ ។ ខ្យល់ព្យុះធ្វើឱ្យអ្នកដំណើររងរបួស៨នាក់ ដោយអ្នកដំណើរបានខកជើងហោះហើរនៅប្រទេសអាល្លឺម៉ង់ និងត្រូវជិះរថយន្តក្រុងជាង៤ម៉ោង ដើម្បីទៅទីក្រុង Milan៕