តារាចម្រៀង នីគីនីគី ដែលស្ថាបនិកក្រុម Worksolid បានប្រកាសរំសាយក្រុមជាផ្លូវការ បន្ទាប់ពីរួមដំណើរគ្នាអស់រយៈពេលជិត ៨ឆ្នាំ។ ការសម្រេចចិត្តរំសាយនេះ នីគីនីគី បានសង្កត់ធ្ងន់ថាមិនមែនជាការបរាជ័យ ឬកើតឡើងដោយសារជម្លោះ ឬបញ្ហារវាងសមាជិកនោះទេ ប៉ុន្តែជាការបញ្ចប់ដំណាក់កាលមួយ ដើម្បីឱ្យសមាជិកម្នាក់ៗអាចបន្តដំណើររបស់ខ្លួនដោយឯករាជ្យ។
.png)
នៅយប់ថ្ងៃទី២៥ ខែសីហា នីគីនីគី បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកដោយរៀបរាប់ពីការបញ្ចប់ក្រុម Worksolid បើទោះបីជាវីដេអូរបស់ពួកគេមានភាពល្បីល្បាញក្នុងចំណោមអ្នកទស្សនាក៏ដោយ។ នីគីនីគី ថាការរួមដំណើររបស់ Worksolid បានជួយឱ្យសមាជិកម្នាក់ៗអភិវឌ្ឍសមត្ថភាព ស្វែងរកអត្តសញ្ញាណ និងបង្កើតឱកាសការងារថ្មីៗ។ សមាជិកមួយចំនួនក៏កំពុងបន្តអាជីព និងជីវិតក្នុងទិសដៅថ្មីៗរបស់ខ្លួនផងដែរ។ ការបញ្ចប់ Worksolid មិនគួរត្រូវបានចាត់ទុកថាជាបរាជ័យឡើយ។ ផ្ទុយទៅវិញវាជាលទ្ធផលនៃដំណើរដែលសមាជិកម្នាក់ៗបានរីកចម្រើនរហូតដល់អាចឈរលើជើងខ្លួនឯង និងបន្តដំណើរដោយមិនចាំបាច់ពឹងផ្អែកលើក្រុមដូចមុន។

ជាមួយគ្នានេះ នីគីនីគី បានបញ្ជាក់ថា Sinora និងខ្លួននឹងនៅតែបន្តធ្វើការជាមួយគ្នាព្រោះអ្នកទាំងពីរនេះហើយជាអ្នកតស៊ូដល់ទីបញ្ចប់ហើយសម្រេចចិត្តចុងក្រោយជាមួយគ្នា បិទទ្វារ ចាក់សោរ Worksolid ហើយទៅផ្ទះថ្មីរៀងៗខ្លួនលែងនៅក្រោមដំបូលតែមួយតែប៉ុណ្ណឹង។ នីគីនីគី ថា client នៅតែអាចធ្វើការកក់ការងារជាមួយពួកគេបានដដែល ហើយការរំសាយនេះមានន័យថាសមាជិកនីមួយៗនឹងចាប់ផ្តើមដើរលើផ្លូវរៀងៗខ្លួន ខណៈបើកឱកាសឱ្យអ្នកជំនាន់ក្រោយបានចូលមកបង្ហាញសមត្ថភាព។ តារាចម្រៀងរូបនេះក៏បានបង្ហើបពីការរៀបចំទំព័រថ្មីរបស់ខ្លួនជាមួយ Wildcard Cambodia ដើម្បីបន្តការងារ និងផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនបន្ថែម។
នៅក្នុងសំណេរដែលរៀបរាប់នេះ នីគីនីគី បានស្នើឱ្យអ្នកគាំទ្រកុំសោកសៅចំពោះការរំសាយ Worksolid ព្រោះសមាជិកទាំងអស់នៅតែមានទំនាក់ទំនងល្អ និងគ្មានជម្លោះជាមួយគ្នា។ អ្វីដែលនាងចង់បានពីអ្នកគាំទ្រ គឺការជូនពរ និងការគាំទ្រចំពោះដំណើរថ្មីរបស់សមាជិកម្នាក់ៗ៕










