មេបញ្ជាការតំបន់កងទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង នឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥​ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោរូបនេះ បានលេចមុខមាត់ខ្លាំងនៅក្នុងទំនាស់ព្រំដែនកាលពីពេលថ្មីៗនេះ ដោយលោកនិយាយច្បាស់ៗថា៖”ការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់នោះជាកំហុសរបស់កម្ពុជា​ ដោយបានបាញ់មកមុនមកលើទាហានថៃ”។

មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសក្តែងៗទៅកាន់ប្រជាជនខ្លួនថា៖”តំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមន់តូច និងប្រាសាទតែក្របី សុទ្ធសឹងតែស្ថិតនៅក្នុងទឹកដីថៃ។

បើតាមការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួនបានចេញផ្សាយថា៖” ការដាក់ឱ្យចូលនិវត្តន៍របស់មេទ័ពភូមិភាគ២ នេះទំនងជាសេណារីយ៉ូនយោបាយ ដើម្បីគេចពីការទទួលខុសត្រូវចំពោះការស្លាប់កងទ័ពខ្មែរ”។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង ត្រូវបានតែងតាំងជាមេបញ្ជាការកងពលធំទី២ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដោយលោកត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យតំបន់ព្រំដែន៕