រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ក្នុងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភាគីកម្ពុជានៅតែប្រកាន់គោលជំហរក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីភាពយុត្តិធម៌ និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អបានយូរអង្វែង។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាញផ្សាយនាយប់ ថ្ងៃពុធ ទី៤ ខែមិថុនា ស្ដីពីបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃដោយបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយបរទេសដែលបានចាក់ឫសក្នុងសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការជានិច្ចជាមួយប្រទេសនានា។ ក្នុងន័យនេះ គឺកម្ពុជាតែងចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប៉ុន្តែក្នងស្មារតីយុត្តិធម៌ ដើម្បីកសាងនូវទំនុកចិត្តមិត្តភាព និងអ្នកជិតខាងល្អបានយូរអង្វែង។

ជាមួយគ្នានេះ ទាក់ទងនឹងបញ្ហាតំបន់ទាំងបួនរួមមាន តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី កម្ពុជាសង្ឃឹមថាភាគីថៃនឹងសហការគ្នាក្នុងការបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ យ៉ាងណាក៏ដោយ ក្នុងករណីថៃមិនចូលរួមក្នុងកិច្ចសហការនេះនៅពេលខាងមុខទេ នោះកម្ពុជាក៏នឹងត្រៀមខ្លួនរួចជាស្រេចដដែល ក្នុងការបន្តដំណើរការរឿងនេះដោយខ្លួនឯង។

នៅក្នុងសេចក្ដីថ្លែងការខាងលើក៏បានបញ្ចាក់បន្ថែមទៀតថា ៖ កម្ពុជាបានរៀបចំសំណុំឯកសារដើម្បីរៀបចំបញ្ជូនទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ ដូច្នេះករណីតំបន់ដែលមានវិវាទព្រំដែនទាំង៤ខាងលើនេះ នឹងមិនបញ្ជូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ៕