តារាចម្រៀង វណ្ណថាន ស្រាប់តែបង្ហាញអារម្មណ៍ក្រៀមក្រំរបស់ខ្លួនហាក់ដូចជាជួបប្រទះបញ្ហាអ្វីមួយមានអ្នកច្រណែនឈ្នានីនចង់ទាញទម្លាក់លោកទាំងលោកខំតស៊ូជួបឧបសគ្គទម្រាំបានដល់ចំណុចសព្វថ្ងៃនេះ។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់តារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» ដៃគូចម្រៀងរបស់ វណ្ណដា បានចែករំលែករូបភាពចាស់ៗរបស់ខ្លួនតាំងពីឆ្នាំ២០០២ ២០០៣ និងបង្ហាញពីការងារសិល្បៈរបស់លោកអំឡុងពេលស្ថិតនៅក្នុងសមាគម ហ្វាពន្លឺសិល្បៈ។ ទោះយ៉ាងណាជាមួយនឹងរូបភាពពីមុនៗដែលមានអាយុកាលជាង ២០ឆ្នាំស្រាប់តែតារាចម្រៀងរូបនេះបង្ហាញអារម្មណ៍សោកសៅរបស់ខ្លួន។
ជាមួយនឹងការបញ្ជាក់ពីរូបភាពមួយសន្លឹកដែលថតនៅឆ្នាំ២០០២ តារាចម្រៀង វណ្ណថាន បានរៀបរាប់នៅលើរូបថតថា «តើអ្នកទាំងអស់គ្នាមានដឹងពីដំណើរជីវិត របស់ខ្ញុំទេ? តើខ្ញុំតស៊ូនឹងជួបឧបសគ្គអ្វីខ្លះទេ? តើរយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំតស៊ូបានមកដល់ចំណុច នៃក្តីស្រមៃរបស់ខ្ញុំមួយនេះ ហេតុអ្វីមនុស្សមួយចំនួនចាំបាច់ច្រណែនឈ្នានីននឹងចង់ទាញ ទម្លាក់នៅអ្វីដែលគេកំពុងទទួលបានធ្វើអ្វី?»។
នៅក្នុងអាជីពសិល្បៈរបស់ខ្លួនតារាចម្រៀង វណ្ណថាន មានរឿងអាស្រូវធំបំផុតកាលពីខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងនារីម្នាក់រហូតធ្វើឱ្យលោកខកខានចូលរួមការប្រគំតន្រ្តីនៅខេត្ត ព្រះសីហនុ។ ទោះយ៉ាងណាក្រៅពីរឿងអាស្រូវកន្លងមកគេមិនដឹងថាតារាចម្រៀង រូបនេះកំពុងជួបប្រទះបញ្ហាអ្វីទៀតនោះទេ។
គួរបញ្ជាក់ថាតារាចម្រៀង វណ្ណថាន មានឈ្មោះកំណើត លី វណ្ណថាន់ មានស្រុក កំណើតនៅខេត្តកំពង់ឆ្នាំងដែលមានឪពុកជាតន្រ្តីករបុរាណម្នាក់។ តារាចម្រៀង រូបនេះធ្លាប់បាននិយាយថា លោកមិនបានរៀនជ្រៅជ្រះនោះទេ ព្រោះគ្រួសារមាន ជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក៕










