ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលវៀតណាមបានអនុវត្តគោលនយោបាយនេះអស់រយៈពេលជាង៣៥ឆ្នាំ ។ ការលុបចោលគោលនយោបាយក្រោយពីអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូរ ។
.png)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម គឺរដ្ឋាភិបាលវៀតណាមបានលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលរដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយនេះតាំងពីឆ្នាំ១៩៨៨ ។ ក្រោយការលុបចោលគោលនយោបាយ គឺចាប់ពីខែមិថុនា ឆ្នាំ២០២៥ តទៅ ការសម្រេចចិត្តមានកូនប៉ុន្មាននាក់ គឺជាសិទ្ធិរបស់ក្រុមគ្រួសារនីមួយៗ ។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អត្រាកំណើតសរុបរបស់ពលរដ្ឋវៀតណាមនៅទូទាំងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ។ អត្រាកំណើតធ្លាក់ចុះខ្លាំងនៅទីក្រុង និងតំបន់អភិវឌ្ឍន៍នានា ដូចជា ៖ ទីក្រុងហាណូយ និងហូជីមិញ ដោយសារពលរដ្ឋចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។.png)
រដ្ឋាភិបាលវៀតណាមពិបាកជំរុញឱ្យពលរដ្ឋមានកូនបន្ថែម ទោះជារដ្ឋាភិបាលបានកែសម្រួលគោលនយោបាយ និងរៀបចំកម្មវិធីលើកទឹកចិត្តក៏ដោយ ។ អត្រាកំណើតធ្លាក់ចុះ គឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលយូរ រួមទាំងបញ្ហាពលរដ្ឋវៀតណាមអាយុច្រើន និងកង្វះខាតកម្លាំងពលកម្ម ។ រដ្ឋាភិបាលគួរផ្លាស់ប្តូរពីគោលនយោបាយកំណត់ការមានកូនរបស់ពលរដ្ឋ ទៅជាបង្កើនចំនួនពលរដ្ឋ និងអភិវឌ្ឍន៍ជារួម ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong ក្នុងកិច្ចប្រជុំកាលពីដើមឆ្នាំ២០២៥ ។

បញ្ហាប្រឈមមួយទៀតរបស់វៀតណាម គឺអតុយ្យភាពយេនឌ័រ ដោយសារវប្បធម៌វៀតណាមនិយមឱ្យតម្លៃកូនប្រុសខ្លាំងជាងកូនស្រី បើទោះជាបច្ចុប្បន្ន អតុល្យភាពយេនឌ័របានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែពលរដ្ឋវៀតណាមនៅតែស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រី ។
ចំណែករដ្ឋាភិបាលចិនក៏ធ្លាប់អនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់កាលពីឆ្នាំ១៩៨០ ដើម្បីគ្រប់គ្រងចំនួនពលរដ្ឋ ហើយចិនបានលុបចោលគោលនយោបាយនេះនៅឆ្នាំ២០១៦ និងអនុញ្ញាតឱ្យពលរដ្ឋមានកូន៣នាក់ នៅឆ្នាំ២០២១ ។ ប៉ុន្តែការចំណាយប្រចាំថ្ងៃខ្ពស់ធ្វើឱ្យពលរដ្ឋចិនពុំចង់បានកូនច្រើន ដូចគ្នានឹងពលរដ្ឋនៅប្រទេសជាច្រើនទៀត ៕










