ប្រទេសតួកគី ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសតួកគី នឹងពិន័យប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក សម្រាប់អ្នកដំណើរណាដែលប្រញាប់ក្រោកពីកៅអី និងកាន់វ៉ាលិសឈរតាមផ្លូវដើរ មុនស្លាកសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ក្នុងពេលយន្តហោះកំពុងចុះចតលើ Runway ពីព្រោះទង្វើនេះចាត់ទុកថា គឺជាការរំខានដល់អ្នកដំណើរផ្សេងៗ ពេលយន្តហោះចុះចតពុំទាន់រួចរាល់ ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់តួកគីបានបង្កើតច្បាប់នេះ កាលពីដើមខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលសេចក្តីរាយការណ៍ថា អ្នកដំណើរជាច្រើននាក់បានងើបពីកៅអី ឬកាន់វ៉ាលិស និងយកសម្ភារៈផ្សេងៗចេញពីធ្នើរដាក់សម្ភារៈផ្នែកខាងលើក្បាល ដែលបង្កការរំខានដល់អ្នកដំណើរផ្សេងៗ ។ 
ហេតុនេះ ចាប់ពីខែមិថុនា តទៅ ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវតែប្រកាសលើយន្តហោះឱ្យអ្នកដំណើរជ្រាបពីច្បាប់ថ្មី គឺអ្នកដំណើរត្រូវតែអង្គុយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ហាមឈរតាមផ្លូវដើរ និងហាមបើកធ្នើរដាក់សម្ភារៈខាងលើក្បាល រហូតដល់ភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ ។ ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវរាយការណ៍ទៅមន្ត្រីរដ្ឋបាលអាកាសចរណ៍ស៊ីវិល ករណីអ្នកដំណើរណាម្នាក់ល្មើសច្បាប់ ។

Turkish Airlines គឹជាក្រុមហ៊ុនអាកាសចរណ៍របស់តួកគី បានប្រកាសអនុវត្តតាមច្បាប់ថ្មី ដោយប្រកាសឱ្យអ្នកដំណើរទាំងអស់ជ្រាបពេលអាកាសយានិកកំពុងចុះចតយន្តហោះថា បើអ្នកដំណើរពុំអនុវត្តតាមច្បាប់ ក្រុមហ៊ុនអាកាសចរណ៍នឹងរាយការណ៍ទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិល ។ ការឈរតាមផ្លូវដើរពេលយន្តហោះចុះចតពុំទាន់រួចរាល់ចាត់ទុកថា គឺជាការរំខានអ្នកដំណើរផ្សេងៗ ហើយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនឹងពិន័យប្រាក់អ្នកដំណើរនោះ ប្រមាណ ៧០ដុល្លារអាមេរិក ។ នេះបើតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ Euronews ។
នេះជាការអនុវត្តច្បាប់ថ្មីនៅប្រទេសតួកគី ដែលអ្នកដំណើរមកពីប្រទេសនានាគួរជ្រាប ដើម្បីឱ្យកុំឱ្យមានបញ្ហាពេលទៅដល់អាកាសយានដ្ឋានតួកគី ។ ការយល់ដឹងពីច្បាប់ និងបម្រាមផ្សេងៗរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍នានា គឺមានភាពចាំបាច់ខ្លាំងណាស់ មិនថាអ្នកដំណើរក្នុងស្រុក ឬអ្នកដំណើរមកពីក្រៅប្រទេស ៕










