ប្រទេសថៃ ៖ អ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តឡើងតុលាការ។ ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា កម្ពុជាមានទំនុកចិត្តខុសពីធម្មតា ក្នុងការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានថៃ PPTV HD36 ចុះផ្សាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។

លោកសាស្រ្តាចារ្យ Panithan Wattanayakorn ដែលជាអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានវិភាគជំហររបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ហើយនេះគឺជាលើកទី៣ហើយដែលកម្ពុជាបបួលថៃទៅតុលាការអន្តរជាតិ។ ក្នុងនោះ សំណុំរឿង២មុននោះ គឺថៃជាអ្នកចាញ់ទាំង២លើក។
លោក Panithan ព្រមានថា «ថៃត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះកម្ពុជា ហាក់មានការជឿជាក់លើរឿងអ្វីមួយ ដែលថៃអាចយល់មិនដល់។ មួយវិញទៀតកម្ពុជា ជាប្រទេសសម្បូរសម្ព័ន្ធមិត្ត ដូច្នេះគោលនយោបាយការទូតកម្ពុជាលើនេះ ថៃពិបាកនឹងប៉ាន់ស្មានណាស់។ »
លោកបានបន្តថា «ថៃត្រូវវាយតម្លៃឲ្យបានហ្មត់ចត់ ថាគួរទៅដោះស្រាយនៅតុលាការអន្តរជាតិឬអត់? ព្រោះកាលពីអតីត ឯកសារ និងភស្តុតាងនានាដែលភាគីថៃបញ្ជូនទៅ តុលាការអន្តរជាតិ មិនបានសូម្បីយកទៅពិចារណា។ បើតាមទស្សនៈខ្ញុំ ថាតើគួរឡើងតុលាការឬអត់នោះ? ខ្ញុំគិតថាគួរមើលក្រុមអ្នកច្បាប់របស់យើងជាមុនសិន។ ប៉ុន្តែបើក្រឡេកមើល ពីហានិភ័យ និងអាកប្បកិរិយារបស់ភាគីកម្ពុជាចំពោះបញ្ហាលើកនេះ ហាក់មានទំនុកជិត្តខុសធម្មតា។ ព្រោះសាកគិតទៅមើល៍ បើគេគ្មានទំនុកចិត្ត តើគេអូសយើងឡើងតុលាការធ្វើអ្វី?» ទាំងនេះ គឺជាពាក្យសំដីរបស់លោក Panithan Wattanayakorn ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន។

គួររំលឹកថា ស្ថានភាពតានតឹងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃបែបនេះ គឺកើតមានបន្ទាប់ពីទ័ពថែបានឆ្មក់ចូលបា.ញ់ប្រហារទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា ដែលបានធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅខ្លាំង ខណៈពេលនេះកម្ពុជាកំពុងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លា.ប់របស់ទាហានកម្ពុជាមួយរូប និងត្រៀមយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕










