ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ពីការពុំបិទច្រកព្រំដែនកម្ពុជា-ថៃ ហើយច្រកព្រំដែនទាំងអស់នៅតែបើកឱ្យពលរដ្ឋលក់ដូរតាមធម្មតា ។ ហេតុនេះ សូមពលរដ្ឋថៃកុំបារម្ភពីការបិទព្រំដែនជាប់កម្ពុជា ដោយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចាត់កងកម្លាំងសន្តិសុខមើលការខុសត្រូវនៅតាមព្រំដែននាថ្ងៃឈប់សម្រាកកន្លងមក និងសូមពលរដ្ឋថៃកុំបារម្ភ ។
កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែឧសភា កន្លងមក លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានតាមដាន និងទទួលរបាយការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីកងកម្លាំងសន្តិសុខ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយលោកស្រីពុំបានបញ្ជាឱ្យបិទច្រកព្រំដែនកម្ពុជា-ថៃជាច្រើនច្រកតាមការចុះផ្សាយរបស់សារព័ត៌មានថៃទេ ។
ស្ថានការណ៍ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកនៅតែលក់ដូរតាមធម្មតា គឺទាំងពលរដ្ឋខ្មែរ និងថៃ បានឆ្លងដែនទៅមកដើម្បីប្រកបមុខរបររកស៊ី ។ រីឯការនាំចេញទំនិញឆ្លងកាត់ព្រំដែនពីប្រទេសថៃទៅកម្ពុជាដំណើរការតាមធម្មតា ជាពិសេស នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល៤ថ្ងៃរបស់ថៃ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរចេញ-ចូលគ្រប់ច្រកព្រំដែន ។
លោក Jirayu បន្តថា មានមនុស្សមួយក្រុមនៅថៃព្យាយាមញុះញង់ឱ្យមានជម្លោះរវាងថៃ និងប្រទេសជិតខាង ហើយវាគ្មានផលប្រយោជន៍ដល់ពលរដ្ឋថៃជាង៧០លាននាក់ទេ ។ ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកគ្មានអ្វីគួរឱ្យបារម្ភ ហើយការលក់ដូរនៅតាមព្រំដែនមានសភាពអ៊ូអរធម្មតា សូមពលរដ្ឋថៃកុំបារម្ភ និងកុំជឿលើការផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ក្នុងនោះបិទច្រកព្រំដែនអចិន្ត្រៃយ៍ ៦កន្លែង និងបិទច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បន្ទាប់ពីពលរដ្ឋខ្មែរបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ គឺពុំមែនជាការពិតទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានបញ្ជាឱ្យបិទព្រំដែន រដ្ឋាភិបាលថៃសូមបញ្ជាក់ថា គ្មានការបិទច្រកព្រំដែនណាទាំងអស់ ។
.jpg)
ចំណែកលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រសិនបើថៃបិទព្រំដែនជាប់កម្ពុជា គឺសេដ្ឋកិច្ចថៃនឹងមានបញ្ហាមិនខាន ។ លោកបានពិភាក្សាជាមួយកងទ័ពជាច្រើនលើក ដោយឯកភាពប្រកាន់ខ្ជាប់នូវផលប្រយោជន៍របស់ពលរដ្ឋ និងអធិបតេយ្យភាពជាតិ ៕










