ថ្លែងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ជាវិបត្តិរុាំរៃដែលដោះស្រាយ២៥ឆ្នាំ មិនទាន់មានលទ្ធផល។
ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖” បញ្ហាព្រំដែនកម្ពុជា-ថៃ បើមិនបានដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិនោះទេ អាចនឹងនាំទៅរកស្ថានភាពដូច Gaza ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់”។
បន្ថែមពីនេះ សម្តេចតេជោ បានសង្កតធ្ងន់ថា៖”ការបបួលថៃយកបញ្ហាព្រំដែនទៅកាន់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការទុកមុខទុកមាត់ឱ្យភាគីថៃ។ ប្រសិនបើភាគីថៃបដិសេធ វាបង្ហាញយ៉ាងច្បាស់ថា ថៃមានរបៀបវារៈលាក់កំបាំងនៅពីក្រោយខ្នង”។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ មិនអាចធ្វើបានទៀតទេ ដោយសារតែវាមានរយៈពេល ២៥ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ហើយថែមទាំងថ្មីៗនេះមានការប៉ះទង្គិចគ្នាបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ថែមទៀតផង៕










