បើកដំណើរការកាលពីឆ្នាំ ២០១៣ នៅប្រទេសថៃ ក្រោមការដឹកនាំរបស់លោក ណាវ៉ាត់ កម្មវិធី Miss Grand International បានលេចចេញជាកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ក្រៅពីភាពល្បីល្បាញការប្រកួតនេះ ក៏មានការជាប់ ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវជាច្រើនរាប់មិនអស់រហូតជាប់ឈ្មោះកម្មវិធី Drama ។

រឿងបានបន្តផ្ទុះឡើងកាន់តែខ្លាំងនៅពេលដែល Rachel Gupta ស្រាប់តែប្រកាសថានាងនឹងលះបង់មកុដរបស់នាងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការឡើងគ្រងរាជ្យរបស់នាង។ នាងបានចោទអ្នករៀបចំថាបានបំពានកិច្ចសន្យា រស់នៅជាមួយនឹងបរិយាកាសមិនល្អ អង្គការគិតតែពីរឿងលុយ។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសព្រោះ Miss Grand ធ្លាប់មានរឿងអាស្រូវស្រដៀងគ្នានេះជាច្រើនលើកមកហើយ។
.png)
ក្នុងរយៈពេល ១២ ឆ្នាំនៃអង្គការនេះ យ៉ាងហោចណាស់មានរាជនីសម្រស់ ៥ រូប និងអ្នកជាប់លំដាប់រងត្រូវបានដកហូតតំណែង។ ក្នុងឆ្នាំ ២០១៥ Anea Garcia អតីត Miss Grand International 2015 ត្រូវបានដកហូតមកុដរបស់នាងបន្ទាប់ពីគ្រងមកុដ បានចំនួន៥ខែ។ បន្ទាប់មកលំដាប់រងទី១ បវរកញ្ញាលំដាប់រងទីមួយ Claire Elizabeth Parker បវរកញ្ញាអូស្រ្តាលីត្រូវបានតែងតាំងជាអ្នកជំនួសនាង ប៉ុន្តែក៏ត្រូវបានទម្លាក់ title វិញនៅឆ្នាំ ២០១៩ បន្ទាប់ពីនាងចូលប្រកួតបវរកញ្ញាចក្រវាលអូស្ត្រាលី ដោយបំពានលើបទប្បញ្ញត្តិ ទោះបីជាអាណត្តិរបស់នាងបានបញ្ចប់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះនៅមានលំដាប់រង ផ្សេងទៀតដែលបានបោះបង់តំណែង។ .png)
ក្នុងឆ្នាំ ២០២៤ លំដាប់រងទី៣ តំណាងប្រទេសបារាំងត្រូវបានដកហូតមកុដរបស់នាង ដោយសារតែការនិយាយអវិជ្ជមានអំពីរាជនីសម្រស់ដែលកំពុងកាន់តំណែងកំពូលរបស់ខ្លួនគឺ Rachel Gupta។ ការប្រកួត Miss Grand 2024 វគ្គផ្តាច់ព្រ័ត្របានបន្តធ្វើឱ្យមានការ រំជើបរំជួល នៅពេលដែលតំណាងប្រទេសមីយ៉ាន់ម៉ាគឺ Thae Su Nyein បានយំនៅ លើឆាកបន្ទាប់ពីត្រូវបានជាប់លំដាប់រងទី២។ នាយកថ្នាក់ជាតិខឹងនឹងដកឈៀងមកក្រសោបហើយប្រកាសប្រគល់តំណែងវិញ។ ក្រោយមក Thae Su Nyein បានផ្សាយ បន្តផ្ទាល់ដោយនិយាយថានាងមិនត្រូវបានទទួលស្គាល់ត្រឹមត្រូវ។ នាយកថ្នាក់ជាតិក៏បានចោទលោក ណាវ៉ាត់ ថាបានទារប្រាក់ចំនួន ២៥ ០០០ ដុល្លារដើម្បី «ទិញរង្វាន់» ប៉ុន្តែលោក ណាវ៉ាត់ បានបដិសេធហើយបានប្រកាសថាលោកជាអ្នកមានបំផុតទី៦នៅក្នុង ឧស្សាហកម្មកម្សាន្តថៃ និងបានហូតតំណែងបវរកញ្ញាមីយ៉ាន់ម៉ា។
.png)
ក្នុងដំណើរការប្រកួតកាលពីឆ្នាំទៅលោក ណាវ៉ាត់ ក៏មានជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា និងនាំបេក្ខនារីមកប្រទេសថៃវិញ ខណៈតំណាងកម្ពុជា ប៊ី សុធារី បានប្រកាសថានឹងដកខ្លួនចេញពីការប្រកួតព្រោះនាង «តំណាងប្រទេសមិនមែនបុគ្គល»។ នាគ្រានោះមានបេក្ខនារីសរុបចំនួន ៤ នាក់បានចាកចេញរួមមានតំណាងមកពី ប្រទេសកូស្តារីកា អ៊ុយក្រែន ហុងកុង និងកម្ពុជា។ ករណីធ្ងន់ធ្ងរបំផុតគឺបវរកញ្ញាអ៊ុយក្រែន Kateryna Bilyk បានចោទប្រកាន់ថានាងត្រូវបានបង្ខំឱ្យធ្វើការខណៈដែលនាងឈឺគ្រុនក្តៅ ត្រូវបានរឹបអូសលិខិតឆ្លងដែន និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការដោយសេរី។ នាងបានប្រកាសប្ដឹងអ្នករៀបចំកម្មវិធី Miss Grand ពីបទកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោក ណាវ៉ាត់ បានបដិសេធថានាងបានបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប៉ុន្តែ Kateryna បញ្ជាក់ថានាងនឹងបន្តចាត់ការតាមផ្លូវច្បាប់ដល់ទីបញ្ចប់។

Miss Grand ត្រូវបានគេរិះគន់ខ្លាំងឡើងចំពោះការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ ម្ចាស់មកុដ ត្រូវធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផល ខណៈពេលដែលការប្រលងបំពានការ បោះឆ្នោតដើម្បីកំណត់អ្នកឈ្នះនៃប្រភេទ។ ពីកំពូលទាំង២០ កំពូលទាំង១០ សំលៀកបំពាក់ជាតិ រហូតដល់អាហារពេលល្ងាចជាមួយប្រធាន កម្មវិធីទាំងអស់ គឺអាស្រ័យលើការបោះឆ្នោត។ Miss Universe 2011 ធ្លាប់បានរិះគន់ Miss Grand យ៉ាងចំៗថាជា កម្មវិធីដែលគិតតែពីចំណេញ លែងជាកន្លែងប្រកួត ដើម្បីគោរពសម្រស់ពិត។ រឿងអាស្រូវឥតឈប់ឈរធ្វើឱ្យតម្លៃពិតនៃការប្រកួតធ្លាក់ចុះ។
ទោះបីជាវានៅតែទាក់ទាញការចាប់អារម្មណ៍ជារៀងរាល់រដូវកាលក៏ពិតមែនប៉ុន្តែ Miss Grand International កំពុងបាត់បង់ទំនុកចិត្តពីទស្សនិកជនបន្តិចម្តងៗ ដោយសារ តែរឿងអាស្រូវជាបន្តបន្ទាប់។ ពីការសង្ស័យថា «លក់រង្វាន់» ដោះមកុដ បង្ខំឱ្យបវរកញ្ញាលក់ផលិតផលធ្វើឱ្យមហាជនមានការងឿងឆ្ងល់កាន់តែខ្លាំងឡើងអំពីតម្លៃពិតនៃកម្មវិធីប្រកួតសម្រស់។ ប្រសិនបើមិនផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ឡើងវិញទេនោះ Miss Grand ប្រថុយនឹងការក្លាយជានិមិត្តរូបនៃរឿងអាស្រូវជំនួស ឱ្យកន្លែងសម្រាប់គោរពភាពស្រស់ស្អាត និងទេពកោសល្យពិតប្រាកដ៕










