រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពាវនាវដល់គ្រប់បណ្ដារកងទ័ពទាំងអស់ ពិសេសកម្លាំងទ័ពនៅតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការចល័តទ័ព ការយុទ្ធោបករណ៍នានា បង្ហោះនៅលើបណ្ដាញសង្គមអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។

ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយសមាគមន៍ខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា សម្ដេចមានប្រសាសន៍ថា ៖ ជាធម្មតានៅមុនពេលដែលមានការវា.យ មេទ័ពនីមួយៗតែងស៊ើបការណ៍យកព័ត៌មានពីភាគីដែលជាដៃគូប្រយុទ្ធ ដើម្បីគេរៀបចំក្បួន ប្រើកម្លាំង ប្រើអាវុ.ធឲ្យចំគោលដៅ។ ដូច្នេះប្រសិនបើយើងនាំគ្នាថតបង្ហាញអំពីស្ថានភាព ទីតាំង ការចល័តទ័ព សម្ភារៈសព្វាវុធរបស់ខ្លួន គឺស្មើនឹងទម្លាយព័ត៌មានផ្ទៃក្នុងរបស់ខ្លួនទៅកាន់សត្រូ.វដូច្នេះឯង។
សម្ដេចបានបន្តថា បច្ចុប្បន្នរាល់អាវុ.ធនីមួយៗសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប ដូចជា GPS ជាដើម ដែលអាចចាប់ទីតាំងរបស់ដៃគូម្ខាងទៀតបានយ៉ាងងាយ។ ដូច្នេះសម្ដេច សូមអំពាវនាវទៅដល់បងប្អូន ជាពិសេសកងកម្លាំងទ័ពផ្ទាល់ កុំថតបង្ហោះសកម្មភាព និងស្ថានភាពរបស់ខ្លួនទៅលើបណ្ដាញផ្សព្វផ្សាយណាមួយឲ្យសោះ ព្រោះវាជាគោលការណ៍សម្ងាត់របស់ទ័ព។ រីឯភាគីថៃ សម្ដេចបានលឺមកថា គេក៏បានហាមឃា.ត់ចំណុចដូចគ្នាផងដែរ។
.jpg)
ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ដែរថា ការត្រៀមនេះមិនមែនជាចេតនាចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែដើម្បីការពារបូណ៌ភាពទឹកដីកុំបាត់បង់ដោយប្រើគ្រប់វិធីសាស្រ្ត។ បើចៀសពីសង្រ្គាមបានគឺចៀស ប៉ុន្តែបើចៀសមិនបានគឺត្រូវតែវា.យឲ្យឈ្នះ និងប្រើយុទ្ធសាស្រ្តបែបណាការពារជីវិតរបស់ទាហានយើងឲ្យបានជាអតិបរមា៕










