ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខនារី Miss Universes Cambodia 2025 ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចំពោះសកម្មភាពរបស់នាងដែលបានរាំតាម Trend របស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK។ ភាពតានតឹងនេះដោយសារតែថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ មានជម្លោះផ្ទុះអាវុធដាក់គ្នាទើបធ្វើឱ្យមានការរិះគន់នាងច្រើន។

កាលពីថ្ងៃទី២៩ ឧសភា បេក្ខភាពបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទាំងនៅលើទិកតុកនិងហ្វេកប៊ុកអំពី Trend ថ្មី ពីបទចម្រៀង « WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ដែលសហការជាមួយនឹងតារាចម្រៀង Tyla ។  បទចម្រៀងមួយនេះកាន់តែទទួលបាននូវប្រជាប្រិយភាពនិងបានក្លាយជា Trend ល្បីពេញបណ្តាញសង្គមទិកតុកគឺនៅពេលដែល Lisa បាន challenge ទៅលើបទចម្រៀងរបស់នាងហើយបង្កើតទៅជាការ Trend មានមនុស្សជាច្រើនរាំតាមនាង។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរាំបទចម្រៀងខាងលើនេះទៅតាម Trend នៅលើបណ្តាញសង្គមវាមិនបានហុចផលល្អមកកាន់នាងនោះស្របពេលកាលៈទេសៈមានសភាពមិនល្អរវាងខ្មែរនិងថៃ។

វីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់នាងចាស់ដៃជាមួយនឹងពាក្យសម្តីធ្ងន់ៗជាច្រើន។ ឃើញមានការរិះគន់ដោយសម្តីធ្ងន់ៗពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបដោយចិត្តត្រជាក់ថា «ចា៎អរគុណបង នាងខ្ញុំកំពុងតែត្រូវការជំនួយពីបងៗ និង ថវិកាយកទៅជួយបងៗកងទ័ពតាមព្រំដែនផងដែរ។ ដូច្នេះបើបងមានចំណាប់អារម្មណ៍អាចបរិច្ចាគបានណា»។ ជាមួយនឹងការឆ្លើយតបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាចូលមកខម្មិនលើការបង្ហោះរបស់នាងផងដែរ៕
		
	









