ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ជាង១០កន្លែង បន្ទាប់ពីពលរដ្ឋកម្ពុជាបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ហើយថៃបារម្ភពីពលរដ្ឋរបស់ខ្លួនមានជម្លោះជាមួយពលរដ្ឋកម្ពុជា ។
យោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសន្តិសុខថៃ នៅថ្ងៃទី៣១ ខែឧសភា ឱ្យដឹងថា ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុ.ធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងមក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ បណ្តាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត និងរងរបួស ហើយធ្វើឱ្យពលរដ្ឋកម្ពុជាបង្ហោះក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ។
ហេតុនេះ ភ្នាក់ងារសន្តិសុខថៃបានគិតពីសុវត្ថិភាពរបស់ពលរដ្ឋថៃរស់នៅក្បែរព្រំដែន ដែលរកស៊ីលក់ដូរទំនិញជាមួយប្រទេសជិតខាង អាចមានបញ្ហាជម្លោះ ទើបភ្នាក់ងារសន្តិសុខថៃប្រជុំជាបន្ទាន់ ដើម្បីត្រៀមបិទច្រកព្រំដែនជាប់កម្ពុជា ជាង១០កន្លែង រួមមាន ៖
១-ព្រំដែនឆងសាង៉ាំ ស្រុកភូសីង ខេត្តស៊ីសាកេត
២-ព្រំដែនឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ (អូរស្មាច់)
៣-ព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ព្រំដែនបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៥-ព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៦-ព្រំដែនហាតឡិច ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ព្រំដែនអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី (អានសេះ)
៨-ព្រំដែនតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៩-ព្រំដែនណងផ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
១០-ព្រំដែនខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ
១១-ព្រំដែនសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី
១២-ព្រំដែនបានបឹងឆាណាំងឡាង ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
១៣-ព្រំដែនបានសួនស៊ុម ស្រុកសាយដាវ ខេត្តចន្ទបុរី
១៤-ព្រំដែនបានម៉ឺនដាន ស្រុកប៉រៃ ខេត្តត្រាត
១៥-ព្រំដែនបានឆាម៉ង ស្រុកប៉រៃ ខេត្តត្រាត និង
១៦-ព្រំដែនសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ជប់គគី)
ក្រៅពីនេះ ប្រទេសថៃនឹងបិទព្រំដែននៅតំបន់ទេសចរណ៍ឡើងទៅកាន់ប្រាសាទព្រះវិហារផងដែរ ស្ថិតនៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ព្រមទាំងបិទព្រំដែនផនព្រំ ប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ៕










