ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់នៅប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការ ហើយពលរដ្ឋអាចយកប្រាក់នេះទៅចំណាយផ្សេងៗ តាំងពីពេលចាប់ផ្តើមពិធីរៀបការ រហូតដល់ចំណាយក្នុងការធ្វើដំណើរទៅក្រេបទឹកឃ្មុំ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។

ទីក្រុងនានាចាប់ផ្តើមចែកប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋរៀបការជាមួយគ្នា ដូចជា ៖ អាជ្ញាធរទីក្រុងពូសាន បានប្រកាសចែកប្រាក់ច្រើនបំផុត រហូតដល់២០លានវ៉ុន (ឬជាង១ម៉ឺនដុល្លារ) ទៅឱ្យគូស្នេហ៍ដែលសម្រេចចិត្តរៀបការ ក្រោយពីបានចូលរួមកម្មវិធីស្វែងរកគូរៀបចំដោយអាជ្ញាធរ ។ ទោះជាបច្ចុប្បន្ន ពុំទាន់មានពលរដ្ឋណាម្នាក់ទទួលបានប្រាក់គ្រប់ចំនួន ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា វាគ្រាន់តែជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ។
ខេត្តខាយ៉ង់សាំង ក៏បានចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការដែរ គឺសម្រាប់ពលរដ្ឋអាយុចាប់ពី១៩ឆ្នាំ ទៅ៤៥ឆ្នាំ ។ បើពលរដ្ឋរៀបការរស់នៅជាមួយគ្នារយៈពេល៣ខែ ពួកគេនឹងទទួលបានប្រាក់ចំនួន៦សែនវ៉ុនក្នុង១ឆ្នាំ រយៈពេល៣ឆ្នាំ ។ ដូចគ្នានេះ ទីក្រុងសេអ៊ូល នឹងផ្តល់ប្រាក់ដល់គូស្វាមីភរិយាថ្មី ចំនួន១លានវ៉ុន ដែលយល់ព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីខែតុលា ឆ្នាំ២០២៥ ។

ប៉ុន្តែមតិមួយចំនួនលើកឡើងថា ការចែកប្រាក់របស់រដ្ឋាភិបាលពុំអាចដោះស្រាយបញ្ហាចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះទេ ហើយវាកាន់តែធ្វើឱ្យពលរដ្ឋរស់នៅជាមួយគ្នាពុំបានយូរអង្វែង ឬប្រឈមនឹងការលែងលះ ។ រដ្ឋាភិបាលគួរតែផ្តោតលើការបង្កើតបរិយាកាសឱ្យគ្រួសារអាចរួមរស់ជាមួយគ្នាបាន និងកាត់បន្ថយការចាយវាយប្រចាំថ្ងៃ ។ .png)
ពលរដ្ឋមួយចំនួនសួរថា តើឱ្យពលរដ្ឋរៀបការជាមួយគ្នាព្រោះតែក្តីស្រឡាញ់ ឬរៀបការដើម្បីលុយ? បើរៀបការដើម្បីលុយ តើប្រាក់មួយចំនួននេះអាចជួយឱ្យគ្រួសាររស់នៅជាមួយគ្នាយូរអង្វែង ឬរស់នៅបណ្តោះអាសន្ន? ដូច្នេះ វាពុំមែនជាដំណោះស្រាយត្រឹមត្រូវទេ ៕










