ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន BBC រាយការណ៍ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភាដាណឺម៉ាកបានអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍របស់ពលរដ្ឋ ចាប់ពី៦៧ឆ្នាំ (នាពេលបច្ចុប្បន្ន) រហូតដល់អាយុ៧០ឆ្នាំ នៅឆ្នាំ២០៤០ ដែលការអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ គឺទទួលបានសំឡេងគាំទ្រ៨១សំឡេង និងប្រឆាំង២១សំឡេង ។ ការដំឡើងអាយុចូលនិវត្តន៍នេះ ធ្វើឱ្យដាណឺម៉ាកក្លាយជាប្រទេសដែលមានអាយុចូលនិវត្តន៍ខ្ពស់បំផុតនៅតំបន់អឺរ៉ុប ។
តាំងពីឆ្នាំ២០០៦ ប្រទេសដាណឺម៉ាកបានកែប្រែអាយុចូលនិវត្តន៍របស់ពលរដ្ឋរៀងរាល់៥ឆ្នាំម្តង ។ បច្ចុប្បន្ន អាយុចូលនិវត្តន៍របស់ពលរដ្ឋ គឺ៦៧ឆ្នាំ ហើយដាណឺម៉ាកនឹងដំឡើងអាយុចូលនិវត្តន៍ រហូតដល់៦៨ឆ្នាំ នៅឆ្នាំ២០៣០, ៦៩ឆ្នាំ នៅឆ្នាំ២០៣៥ និង៧០ឆ្នាំ នៅឆ្នាំ២០៤០ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋដាណឺម៉ាកដែលកើតក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧០ នឹងចូលនិវត្តន៍នៅអាយុ៧០ឆ្នាំ ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen មកពីគណបក្សសង្គមប្រជាធិបតេយ្យថ្លែងថា លោកស្រីនឹងពិភាក្សាពីគោលការណ៍ដំឡើងអាយុចូលនិវត្តន៍នេះឡើងវិញ ពីព្រោះលោកស្រី និងគណបក្សរបស់លោកស្រីយល់ឃើញថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ឱ្យពលរដ្ឋធ្វើការ រហូតដល់អាយុ៧០ឆ្នាំទេ ។.png)
មុនការអនុវត្តច្បាប់នៅរដ្ឋសភា លោក Jesper Rasmussen ប្រធានសហភាពសហជីពដាណឺម៉ាក ធ្លាប់លើកឡើងថា ការដំឡើងអាយុចូលនិវត្តន៍ពុំយុត្តិធម៌ ពីព្រោះប្រទេសដាណឺម៉ាកមានសេដ្ឋកិច្ចរីកចម្រើន បែរជាមានអាយុចូលនិវត្តន៍ខ្ពស់ជាងគេនៅតំបន់អឺរ៉ុប ។ អាយុចូលនិវត្តន៍ខ្ពស់នឹងធ្វើឱ្យពលរដ្ឋដាណឺម៉ាកធ្វើការងាររហូតដល់ចាស់ ពុំបានសម្រាកឱ្យមានសេចក្តីសុខក្នុងវ័យចាស់ជរា ។
.png)
ពលរដ្ឋដាណឺម៉ាកម្នាក់អាយុ៤៧ឆ្នាំ ប្រកបមុខរបរធ្វើដំបូលផ្ទះ និយាយថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ទេ ដែលធ្វើឱ្យពលរដ្ឋធ្វើការគ្មានពេលសម្រាក យើងពុំអាចធ្វើការរហូតបានទេ ។ ការងារធ្វើដំបូលផ្ទះ ត្រូវប្រើប្រាស់កម្លាំងពលកម្ម ពុំដូចការងារអង្គុយក្នុងការិយាល័យ ។ ពលរដ្ឋបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ពលរដ្ឋគួរតែមានពេលវេលាខ្លះនៅជាមួយកូនចៅ ។
គួរបញ្ជាក់ថា ដាណឺម៉ាក និងប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបបានដំឡើងអាយុចូលនិវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិការដ្ឋសម្រាប់ផ្តល់ឱ្យពលរដ្ឋចូលនិវត្តន៍ពីការងារ ។ ប៉ុន្តែពលរដ្ឋពុំគាំទ្រ ពីព្រោះពួកគេត្រូវធ្វើការងាររហូតដល់ចាស់ និងពុំទទួលប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាល ខណៈពួកគេបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ៕










