ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញាល្បីឈ្មោះសម្រេចចិត្តបោះជំហានម្តងទៀតក្នុងការប្រកួតដណ្តើមមកុដដើម្បីតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ កាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់ប្រកួតកម្មវិធីនេះកាលពីមុនដូចគ្នាប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។

បន្ទាប់ពីមានការសំណូមពរពីហ្វេនៗជាច្រើនជំរុញឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហានម្តងទៀតក្នុងការប្រកួតបវរកញ្ញាម្តងទៀត ពេលនេះអតីត Miss Grand Cambodia 2022 បានសម្រេចតបការសំណូមពររបស់ហ្វេនៗដោយនាង បានបង្ហាញខ្លួនជាបេក្ខភាពផ្លូវការក្នុងការប្រកួតបវរកញ្ញាក្រវាលកម្ពុជាឆ្នាំ២០២៥ និងបានទទួលឈៀងជាផ្លូវការហើយក្នុងចំណោមបេក្ខភាពសរុបទាំងអស់ចំនួន២០រូប។

ទោះធ្លាប់ឈ្នះការប្រកួតក្នុងកម្មវិធីបវរកញ្ញាផ្សេងនិងបានឈរតំណាងប្រទេសកម្ពុជាទាំងមូលឈរនៅលើឆាកអន្តរជាតិទទួលបានលទ្ធផលចូល TOP នៅក្នុងការប្រកួតក្តីប៉ុន្តែនាង មិនអាចធ្វេសប្រហែលឡើយព្រោះឆ្នាំនេះមានការប្រកួតប្រជែងគ្នាខ្លាំងសុទ្ធតែមានអ្នកមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈ។ ថ្វីបើឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវប្រកួត ក្នុងចំណោមបេក្ខភាពដែលមានភាពលេចធ្លោច្រើន ប៉ុន្តែបេក្ខភាពរូបនេះធ្លាប់បានបង្ហាញ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនហើយថានាងនឹងចូលប្រកួតម្តងទៀតលុះត្រាតែនាងត្រៀមលក្ខណៈរួចរាល់ហ្វឹកហាត់សមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងមុន ដែលនេះអាចបញ្ជាក់បានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប្រជែងដណ្តើមមកុដយក Miss Universe Cambodia 2025 ។
កាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ប្រាប់អ្នកគាំទ្ររបស់ខ្លួនដែរថាបើនាងចចារជាមួយក្រុមហ៊ុនដែលនាងធ្វើជាអ្នកតំណាងបាននាងនឹងចូលរួមប្រកួតម្តងទៀត ខណៈពេលនេះការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាដែលត្រូវតាមដានព្រោះបេក្ខភាពសុទ្ធតែមានអាជីពការងារសិល្បៈនិងធ្លាប់ប្រកួតប្រជែងលើវិស័យបវរកញ្ញាបានចូលរួមប្រកួតដណ្តើមមកុដដើម្បីមានឱកាសនឹងឈរតំណាងស្រ្តីខ្មែរនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Universe ឆ្នាំ២០២៤ គឺអ្នកនាង ប្រាសាទ ដាវីន បានតំណាងប្រទេសកម្ពុជាដោយបានបំបែកកំណត់ត្រារបស់បវរកញ្ញាចក្រវាលកម្ពុជាចូល TOP នៅក្នុងការប្រកួតជាលើកដំបូង៕










