ចក្រភពពអង់គ្លេស ៖ យន្តហោះBoeing មួយគ្រឿងជួបបញ្ហាបច្ចេកទេសកំឡុងពេលកំពុងរៀបហោះហើរ ដែលត្រូវឲ្យបញ្ឈប់ការសកម្មភាពទាំងអស់ភ្លាមៗ និងជម្លៀសអ្នកដំណើរទាំងអស់ចុះ បន្ទាប់ពីការស៊ើបអង្កេតទើបដឹងថាមូលហេតុមកពីPilotបែងចែកឆ្វេង និងស្ដាំមិនត្រូវ។.jpg)
ហេតុការណ៍នេះបានកើតឡើងចំពោះយន្តហោះ Boeing 777 ជើងហោះហើរ BA2279 របស់ក្រុមហ៊ុនអាកាសចរ British Airway នៅអាកាសយានដ្ឋាន Gatwick ប្រទេសអង់គ្លេស បានបណ្ដាលឲ្យមនុស្សគ្រប់គ្នានៅលើយន្តហោះមានការតក់ស្លុ..ត និងភិតភ័យជាខ្លាំង។
យោងតាមរបាយការណ៍ដែលបានមកពីក្រុមអ្នកជំនាញស៊ើបអង្កេតបានឲ្យដឹងថា មុនពេលកើតហេតុ យន្តហោះនេះត្រូវធ្វើដំណើរចេញពីទីក្រុងឡុងដ៏ ទៅកាន់ វ៉េនខូវ័រ ប្រទេសកាណាដា ប៉ុន្តែខណៈកំពុងជិះនៅលើផ្លូវហោះហើរក្នុងអាកាសយានដ្ឋានរៀបនឹងហោះឡើង Pilotរង (co-pilot) ដែលមានតួនាទីត្រូវទាញចង្កូតបញ្ជារ( Control column) នៅខាងស្ដាំដៃដើម្បីយន្តហោះៗឡើង បែរជាច្រលំទាញឈ្នាន់បង្អង់ដែលនៅខាងឆ្វេង (Thrust Lever) នាំឲ្យយន្តហោះដែលកំពុងរត់យ៉ាងលឿននោះថយកម្លាំងចុះភ្លាមៗ កង់ទាំង២ឈប់វិល និងអូសទៅមុខបន្តរហូតកង់នោះកកិតខ្លាំងទៅៗ បង្កើតជាចំហេះ និងឆាបឆេះទៅដល់ហ្វ្រាំងយន្តហោះ។ ដោយសារតែវាមិនហោះឡើងទៅលើ ក្រុមការងារសង្រ្គោះបន្ទាន់នៅក្នុងអាកាសយានដ្ឋាន ក៏បាននាំគ្នាមកពន្លត់ភ្លើង និងជម្លៀសមនុស្សចំនួន ៣៣៤នាក់ ចេញមកបានដោយសុវត្ថិភាព។

ជាសំណាងល្អ ហេតុការណ៍នេះមិនបានបង្ករឲ្យនរណាម្នាក់រងរបួសទេ ប៉ុន្តែវាបានបណ្ដាលឲ្យជើងហោះហើរចំនួន ២៣ដែលមានកាលវិភាគត្រូវហោះហើរនៅពេលនោះត្រូវលុបចោល និងពន្យាពេល ហើយនាំឲ្យអាកាសយានដ្ឋាន Gatwick ទាំងមូលផ្អាកដំណើរការអស់ជាង១ម៉ោង។
អង្គភាពស៊ើបអង្កេតផ្លូវអាកាស (AAIB) បានពិនិត្យករណីនេះ ប៉ុន្តែពួកគេគិតមិនយល់ពីការច្រលំរបស់Pilot រងខាងលើនេះឡើយ ក៏ព្រោះតែគាត់មានបទពិសោធក្នុងការហោះហើរលើសពី ៦,០០០ម៉ោងទៅហើយ គាត់មានសុខភាពល្អ និងសម្រាកបានគ្រប់គ្រាន់ផងដែរ។ AAIB និង ក្រុមហ៊ុនអាកាសចរ British Airway បានដកហូតសិទ្ធិហោះហើររបស់Pilotរងខាងលើជាបណ្ដោះអាសន្ន ដោយចាត់ទុកករណីនេះថាជា “ចលនាច្រលំ” ចំពោះកាតព្វកិច្ចដែលធ្វើជាប្រចាំ និងផ្ដល់យោបល់ឲ្យគាត់អនុវត្តការហ្វឹកហាត់ដោយផ្ដោតលើអារម្មណ៍ (mental rehearsalបន្ថែមទៀត ពេលត្រឡប់មកបំពេញការងារវិញនៅថ្ងៃណាមួយ។

ក្រោយពីដោះស្រាយហេតុការណ៍នេះរួចរាល់ ក្រុមហ៊ុន British Airway បានចេញសេចក្ដីសូមអភ័យទោសទៅកាន់អ្នកដំណើរទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារឧបទេវហេតុនេះ និងបានសន្យាពង្រឹងសុវត្ថិភាពជូនអ្នកដំណើរគ្រប់គ្នាជានិច្ច៕










