ប្រទេសអូស្ត្រាលី ៖ តុលាការនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី បានកាត់ក្តីឱ្យក្រុមហ៊ុនច្បាប់មួយឈ្មោះ Erudite Legal បង់ប្រាក់ពិន័យក្រោយពីនារីម្នាក់ជាអតីតបុគ្គលិកបានប្តឹងក្រុមហ៊ុននេះ ដោយសារបង្ខំឱ្យនាងធ្វើការរយៈពេល២៤ម៉ោង ធ្វើឱ្យសុខភាពទ្រុឌទ្រោម គ្មានពេលវេលាថែទាំគ្រួសារ ថែមទាំងបង្ខំឱ្យនាងធ្វើអ្វីប្លែកៗ ដូចជា ៖ ទៅមើលកុនពេលយប់ ។ តុលាការចាត់ទុកថា នេះជាការល្មើសច្បាប់ការងារ និងបង្កើតបរិយាកាសការងារគួរឱ្យស្អ.ប់ខ្ពើ.ម ។
ដើមបណ្តឹងជាមេធាវីស្រី និងជាអតីតបុគ្គលិកក្រុមហ៊ុន Erudite Legal បាននិយាយទៅកាន់តុលាការថា នាងទទួលបានប្រាក់ខែពីក្រុមហ៊ុននេះទាបជាងស្តង់ដារ គឺត្រឹមតែ៨,០០០ដុល្លារប៉ុណ្ណោះក្នុងរយៈពេល៣សប្តាហ៍ ប៉ុន្តែនាងត្រូវធ្វើការចាប់ពី១២ម៉ោង ទៅ១៨ម៉ោងក្នុង១ថ្ងៃ ។ ដើមបណ្តឹងដែលពុំប្រាប់ឈ្មោះអះអាងថា នាងត្រូវធ្វើការរហូតដល់២៤ម៉ោងក្នុងសប្តាហ៍ទី១ គឺចាប់ពីថ្ងៃត្រង់ថ្ងៃដំបូង រហូតដល់ថ្ងៃត្រង់នាថ្ងៃបន្ទាប់ ទើបបានសម្រាក ។

លោក Shivesh Kuksal ជានាយកក្រុមហ៊ុនប្រាប់នាងឱ្យសម្រាកតែ២-៣ម៉ោងប៉ុណ្ណោះ ហើយឱ្យនាងធ្វើការបន្ត ។ ចាប់ពីពេលនោះមក នាងត្រូវធ្វើការបន្តរហូតជិតម៉ោង១យប់ ។ ព្រឹកឡើង នាយកក្រុមហ៊ុនប្រាប់ឱ្យនាងធ្វើការក្នុងបន្ទប់សណ្ឋាគារ ហើយឱ្យនាងកលើគ្រែតែមួយជាមួយនាយក ។ បន្ទាប់ពីនាងធ្វើការបាន១៤ម៉ោង និងបញ្ចប់ការងារនៅម៉ោង១ភ្លឺ នាយកក្រុមហ៊ុនប្រាប់ឱ្យនាងទៅមើលកុនបន្តទៀត ។ ការធ្វើការច្រើនម៉ោង មិនត្រឹមតែធ្វើឱ្យនាងមានសុខភាពទ្រុឌទ្រោមប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យនាងគ្មានពេលវេលាថែទាំម្តាយដែលទើបចេញពីមន្ទីរពេទ្យ ។
លើសពីនេះ ពេលនាងសុំច្បាប់សម្រាកដើម្បីទៅចូលរួមពិធីបុណ្យសពអតីតស្វាមី នាងត្រូវក្រុមហ៊ុនបង្ខំឱ្យធ្វើការ ។ នាងគ្មានពេលវេលានៅជាមួយគ្រួសារ និងដាច់ការទំនាក់ទំនង ។ បើតាមការលើកឡើងរបស់តុលាការ គឺក្រុមហ៊ុននេះធ្វើឱ្យបរិយាកាសការងាររបស់បុគ្គលិកគួរឱ្យស្អប់ខ្ពើម និងរំលោភកិច្ចសន្យាការងារដោយអយុត្តិធម៌ ។
ចំណែកក្រុមហ៊ុន Erudite Legal ពុំបានអនុវត្តតាមដីការបស់តុលាការ ដែលតម្រូវឱ្យក្រុមហ៊ុនសងប្រាក់បុគ្គលិក ដោយសារក្រុមហ៊ុនផ្តល់ប្រាក់ខែឱ្យបុគ្គលិកតិចជាងស្តង់ដារ ។ ក្រុមហ៊ុនបានកាត់ផ្តាច់លេខទូរស័ព្ទ ទើបធ្វើឱ្យអ្នកសារព័ត៌មានពុំអាចសាកសួរពាក់ព័ន្ធនឹងករណីនេះ ។ តុលាការបានកាត់ក្តីឱ្យក្រុមហ៊ុនបង់ប្រាក់ន័យទៅដើមបណ្តឹង ចំនួន២២,២០០ដុល្លារ ព្រោះក្រុមហ៊ុនពុំបានបើកប្រាក់ខែទៀងទាត់ និងបង់ប្រាក់ចំនួន២៦,៦៤០ដុល្លារទៀតទៅយដើមបណ្តឹង គឺជាសំណងដែលឱ្យដើមបណ្តឹងធ្វើការច្រើនម៉ោង ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការក៏ធ្លាប់កាត់ក្តីនាយកក្រុមហ៊ុន លោក Kuksal ពាក់ព័ន្ធនឹងរឿងក្តីមួយទៀត ដោយតុលាការចោទប្រកាន់ថា លោកពុំអាចធ្វើការផ្នែកច្បាប់ ហើយហាមលោកផ្ញើអ៊ីម៉ែល ឬសារក្នុងនាមក្រុមហ៊ុន Erudite Legal ឬហាមធ្វើជាអ្នកតំណាងក្រុមហ៊ុន ។ ការហាមឃាត់នេះ ដោយសារកាលពីឆ្នាំ២០២៣ លោកបានរឹបអូសគ្រឿងសង្ហារិមរបស់អតិថិជន និងផ្ញើលិខិតគំរាមអតិថិជន ដោយប្រើឈ្មោះក្រុមហ៊ុន ៕