ទស្សនិកជនមួយចំនួនដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាថ្មីៗនេះតារារ៉េប king Chi បានប្រកាសលក់ផ្ទះនៅខេត្តបាត់ដំបងជាបន្ទាន់ដើម្បីយកថវិកាមកព្យាបាលភរិយារបស់ខ្លួនដែលត្រូវវះកាត់ប្តូរក្រលៀន។ មិនឱបដៃឈរមើលសិល្បកររួមទាំងសប្បុរសជនមួយចំនួនបានចូលរួមជួយដល់ King Chi ខណៈតារារ៉េប វណ្ណដា បានជួយថវិការហូតដល់៥០០០ដុល្លារ។
តាមរយៈគណនីហ្វេកប៊ុករបស់តារារ៉េប King Chi ដែលមានឈ្មោះថា Daddy Chi បានបង្ហាញថាតារារ៉េបល្បីឈ្មោះប្រចាំប្រទេសគឺ ម៉ាន់ វណ្ណដា បានជួយថវិកាដល់ខ្លួនរហូតដល់៥០០០ដុល្លារឯណោះ។ ទឹកចិត្តនេះតារារ៉េប King Chi បានពោលពាក្យអរគុណទៅកាន់ វណ្ណដា ជាមួយនឹងពាក្យថា ប្អូនប្រុស ផងដែរ។
គួរឱ្យដឹងថាតារារ៉េប King Chi និង វណ្ណដា ធ្លាប់បានរួមការងារជាមួយគ្នាក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយ ខណៈកាលពីកន្លងមកនេះក្នុងការប្រគំតន្រ្តីជប់លៀងអាល់ប៊ុមទី៣ King Chi ក៏មានវត្តមានចូលរួមឡើងឆាកបង្ហាញប្រាប់ទស្សនិកជនផងដែរថាអ្នកទាំងពីរនឹងមានការសហការគ្នាជាយូរមកហើយគ្រាន់តែមិនទាន់បានទម្លាក់នៅលើទីផ្សារ។ ស្របពេល វណ្ណដា ជួយតារាចម្រៀងរ៉េប KingChi នូវទឹកប្រាក់ចំនួន៥០០០ដុល្លារនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់តារារ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ។

អ្នកគាំទ្រមួយចំនួនបានបង្ហាញថាពួកគេជ្រើសយក វណ្ណដា ជាអាយដលមិនខុសនោះទេមិនសូវជាមាត់កច្រើនប៉ុន្តែធ្វើមួយៗគឺច្បាស់លាស់ ខណៈមានទស្សនិកជនជាច្រើនទៀតជូនពរឱ្យភរិយាតារារ៉េប KingChi ឆាប់ជាសះស្បើយ។ ក្រៅពីតារារ៉េប វណ្ណដា សិល្បករមួយចំនួនទៀតក៏បានជួយថវិកាដល់ King Chi ដែលកំពុងជួបទុក្ខលំបាកក្នុងគា្រអាសន្ននេះ។
ម្ចាស់បទ«៥ដុល្លារ» បានបង្ហាញដែរថា តារាចម្រៀង អលជ្ជី បានជួយថវិកាចំនួន១៥០ដុល្លារ ខណៈតារាចម្រៀងពហុជំនាញខាត់ សុឃីម បានជួយថវិកា៥០ដុល្លារនិងបានបង្ហោះនៅលើហ្វេកប៊ុកប្រាប់ពីដំណឹងដែលតារាចម្រៀង King Chi កំពុងជួបទុក្ខលំបាកនេះខណៈឌីជេ ក្តិប បានជួយថវិកា១០០ដុល្លារ៕