ការលុបចោលការចងចាំដ៏ឈឺចាប់ ឬហេតុការណ៍អាក្រក់ចេញពីខួរក្បាលនឹងអាចធ្វើបាន នៅពេលអ្នកស្រាវជ្រាវរកឃើញវិធីថ្មីដើម្បីកាត់បន្ថយការចងចាំហេតុការណ៍អាក្រក់ ដោយជំនួសការចងចាំរឿងល្អៗក្នុងខួរក្បាល ។ ហេតុនេះ វានឹងអាចជួយដល់មនុស្សមួយចំនួនធំដែលចង់លុបចោលការចងចាំហេតុការណ៍អាក្រក់របស់ខ្លួនឱ្យអស់ពីខួរក្បាល ហើយពួកគេអាចចាប់ផ្តើមចងចាំរឿងរ៉ាវល្អៗ ។
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវបានសាកល្បងការចងចាំខួរក្បាលជាមួយអ្នកស្ម័គ្រចិត្ត ចំនួន៣៧នាក់ ដោយឱ្យពួកគេផ្គូផ្គងពាក្យគ្មានអត្ថន័យជាមួយរូបភាពមិនល្អ ដូចជា ៖ រូបភាពគួរឱ្យភ័យខ្លាច ឬរូបភាពរន្ធត់ៗ ។ បន្ទាប់មក អ្នកស្រាវជ្រាវព្យាយាមដោះស្រាយ ឬផ្លាស់ប្តូរការចងចាំពាក្យទាំងនេះ ដើម្បីឱ្យដឹងថា តើក្រុមអ្នកស្ម័គ្រចិត្តអាចលុបចោល ឬកាត់បន្ថយអារម្មណ៍មិនល្អចេញពីខួរក្បាលដែរឬទេ ក្រោយពួកគេមើលរូបភាពរន្ធត់ ។
អ្នកស្រាវជ្រាវបានយករូបភាពមិនល្អ ដូចជា ៖ រូបភាពមនុស្សរងរបួស និងរូបសត្វកាចសាហាវបង្កគ្រោះថ្នាក់ដល់មនុស្ស មកប្រៀបធៀបជាមួយរូបភាពល្អៗ រួមមាន ៖ រូបទេសភាពស្ងប់ស្ងាត់ និងរូបក្មេងញញឹម ។ ការសាកល្បងលើកដំបូង គឺក្រុមអ្នកស្ម័គ្រចិត្តនឹងទទួលបានការបណ្តុះបណ្តាលភាពចងចាំ ដោយភ្ជាប់រូបភាពអាក្រក់ជាមួយពាក្យគ្មានអត្ថន័យ ដែលអ្នកស្រាវជ្រាវបង្កើតឡើងមកសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ ។
នាព្រឹកថ្ងៃបន្ទាប់ ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តបានសម្រាកដើម្បីឱ្យខួរក្បាលចងចាំអ្វីដែលបានទទួលយក អ្នកស្រាវជ្រាវក៏បានឱ្យពួកគេមើលរូបភាពល្អៗ ជំនួសរូបភាពអាក្រក់ក្នុងខួរក្បាល ។ នៅយប់ទី២ អ្នកស្រាវជ្រាវបានបើកសំឡេងពាក្យមួយចំនួនឱ្យអ្នកស្ម័គ្រចិត្តស្តាប់ពេលពួកគេកំពុងសម្រាកលក់រហូតដល់យប់ជ្រៅ ដែលជាពេលវេលាសំខាន់សម្រាប់រក្សាការចងចាំរបស់ខួរក្បាល ហើយអ្នកស្រាវជ្រាវក៏បានវាស់រលកខួរក្បាលជាមួយម៉ាស៊ីនផងដែរ ។
ក្រោយមក អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកស្ម័គ្រចិត្តឆ្លើយតបសំណួរជាច្រើន ។ បន្ទាប់មក អ្នកស្រាវជ្រាវក៏ទទួលបានលទ្ធផលថា ក្រុមអ្នកស្ម័គ្រចិត្តបានចងចាំរូបភាពអាក្រក់តិចជាងមុន ។ ផ្ទុយទៅវិញ ពួកគេបាននឹកឃើញការចងចាំល្អៗកាន់តែច្រើន ហើយវាធ្វើឱ្យពួកគេមានអារម្មណ៍ល្អកាន់តែច្រើន ។ ការលុបចោលការចងចាំហេតុការណ៍អាក្រក់ចេញពីខួរក្បាល គឺតម្រូវឱ្យយើងព្យាយាមមើលរូបភាពល្អៗឱ្យបានច្រើន ពីព្រោះរូបភាពទាំងនេះជួយឱ្យមានអារម្មណ៍រីករាយ ។
ការស្រាវជ្រាវនេះអាចជាព័ត៌មានស៊ីជម្រៅថ្មីមួយដើម្បីព្យាបាលអ្នកឈឺចាប់ផ្លូវចិត្តដោយសារការចងចាំហេតុការណ៍អាក្រក់កន្លងមក ពីព្រោះហេតុការណ៍អាក្រក់គឺជាមូលហេតុបណ្តាលឱ្យមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ។ ទោះយ៉ាងណា ការសាកល្បងនេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើម និងជាការសាកល្បងស្ថិតក្រោមការត្រួតពិនិត្យតឹងរ៉ឹងក្នុងបន្ទប់សាកល្បង បើទោះជាការស្រាវជ្រាវបង្ហាញលទ្ធផលច្បាស់លាស់ក្តី ប៉ុន្តែវាពុំបានបង្ហាញពីពិភពខាងក្រៅ ដែលពាក់ព័ន្ធនឹងការចងចាំរឿងរ៉ាវល្អៗ ឬអាក្រក់ទេ ៕










