ប្រទេសវៀតណាម ៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) ព្យាករថា វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ។ លើសពីនេះ បើតាមរបាយការណ៍របស់ World Economic League Table បង្ហាញថា វៀតណាមនឹងមានសេដ្ឋកិច្ចរីកចម្រើន លំដាប់ទី២០ នៅលើពិភពលោក ក្នុងឆ្នាំ២០៣៦ ។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ហើយផែនការបច្ចុប្បន្ន គឺអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនដោយសារការផលិតទំនិញ ។ សេដ្ឋកិច្ចវៀតណាមទទួលបានការគាំទ្រពីការរួមបញ្ចូលបន្ថែមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កម្រិតពិភពលោក តាមរយៈការស្វែងរកកិច្ចសហការពាណិជ្ជកម្ម និងកាត់បន្ថយហានិយភ័យការនាំចេញ ។
ក្រៅពីនេះ វៀតណាមបានកំណត់គោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ហើយដើម្បីសម្រេចគោលដៅនេះ វៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៥% ក្នុង១ឆ្នាំ ។ ការអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ គឺវៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៦.៥% ក្នុង១ឆ្នាំ នាទសវត្សរ៍ក្រោយ ដែលស្របនឹងការកំណត់គោលដៅ ។

ប៉ុន្តែវៀតណាមប្រឈមនឹងឧបសគ្គផ្សេងៗដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដោយសារពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ និងចំនួនពលរដ្ឋវៀតណាមអាយុច្រើនកើនឡើង ។ ហេតុនេះ វៀតណាមចាំបាច់ត្រូវកែលម្អប្រសិទ្ធភាពការអនុវត្តគោលនយោបាយរបស់ខ្លួន ជាពិសេស កែលម្អវិស័យនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារការប្រើប្រាស់បច្ចេកវិទ្យាធ្វើការជំនួសមនុស្ស និងបម្រែបម្រួលអាកាសធាតុ ។
.png)
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា នៅឆ្នាំ២០២៥នេះ ទំហំសេដ្ឋកិច្ចវៀតណាមនឹងស្ថិតក្នុងលំដាប់ទី៣ ក្នុងតំបន់ ដោយផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ស្មើជាង៥សែនលានដុល្លារអាមេរិក បន្ទាប់ពីឥណ្ឌូណេស៊ី និងថៃ ប៉ុន្តែវៀតណាមនាំមុខម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ។
នៅឆ្នាំ២០២៧ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម និងថៃ គឺស្មើជាង៦សែនលានដុល្លារអាមេរិកប្រហាក់ប្រហែលគ្នា ។ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច រំពឹងថា ចាប់ពីឆ្នាំ២០២៨ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ថៃ ហើយថៃនឹងធ្លាក់មកនៅលំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រសិនបើការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច ត្រឹមត្រូវនោះ គឺនៅឆ្នាំ២០៣៦ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសប៉ូឡូញ ស្វីស បែលហ្ស៊ិក និងអូស្ត្រាលី ៕










