ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចូលសម្រាកនៅមន្ទីរពេទ្យ ក្រោយពីធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ហើយពេលមកដល់ថៃវិញ លោកស្រីបានបំពេញភារកិច្ចជាប់ៗគ្នា ចំនួន២ថ្ងៃទៀត ទើបធ្វើឱ្យក្តៅខ្លួន ។ គ្រូពេទ្យបានឱ្យលោកស្រីសម្រាកនៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពយ៉ាងលម្អិត ខណៈស្វាមីលោកស្រីបានសរសេរក្នុងបណ្តាញសង្គមថា ដាស់តឿនហើយមិនស្តាប់ ។
លោក ជិរ៉ាយុ ហួងសាប់ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី២៥ ខែមេសា ថា លោកស្រី ផេថងថាន មានអាការៈក្តៅខ្លួនខ្លាំង និងត្រូវចូលសម្រាកនៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២៤ ខែមេសា ក្រោយពីលោកស្រីបានត្រឡប់មកពីប្រទេសកម្ពុជាវិញ និងត្រូវបំពេញការងារនៅថៃជាប់ៗគ្នាចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ។
.jpg)
ពីដំបូង នាយករដ្ឋមន្ត្រីថៃមានអារម្មណ៍ក្តៅខ្លួនតិចតួច ប៉ុន្តែក្រោយមក លោកស្រីក្តៅខ្លួនខ្លាំង ក៏ទៅជួបគ្រូពេទ្យ នាវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមេសា ។ គ្រូពេទ្យសុំឱ្យលោកស្រីសម្រាកនៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យរាងកាយលម្អិត ហើយនាព្រឹកថ្ងៃទី២៥ ខែមេសា គ្រូពេទ្យក៏បានត្រួតពិនិត្យរាងកាយលោកស្រីម្តងទៀត ។.jpg)
នាយករដ្ឋមន្ត្រីថៃមានភារកិច្ចត្រូវទទួលស្វាគមន៍លោក Chris Feng នាយកគណៈកម្មការមកពីក្រុមហ៊ុន Sea Limited ដែលនឹងចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ អគារថៃឃូផ្វា គឺត្រូវពន្យារពេលសិន ។
ចំណែកនាយកប្រតិបត្តិ Tony Blair Institute for Global Change (TBI) ដែលគ្រោងចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ ក៏ត្រូវពន្យារពេលដូចគ្នាដែរ ។ រីឯភារកិច្ចផ្សេងៗ នាយករដ្ឋមន្ត្រីថៃបានប្រគល់តួនាទីទៅឱ្យឧបនាយករដ្ឋមន្ត្រី និងលេខាធិការនាយករដ្ឋមន្ត្រីបំពេញការងារជំនួស ។
ដោយឡែក លោក ភីតក សុខសាវ៉ាត ជាស្វាមីរបស់លោកស្រី ផេថងថាន បានបង្ហោះរូបភាពភរិយាកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងបណ្តាញសង្គម ព្រមទាំងសរសេរថា ៖ «អ្នកណាដាស់តឿនមិនស្តាប់ រាងកាយមិនអាចទៅរួច» ៕










