ប្រទេសថៃ ៖ ក្រសួងទេសចរណ៍ និងកីឡាបានណែនាំអាជ្ញាធរទេសចរណ៍ថៃ (TAT) ឱ្យរៀបចំផែនការទីផ្សារទេសចរណ៍ឆ្នាំ 2025 ដើម្បីទប់ទល់នឹងទីផ្សារអាស៊ីដែលចុះខ្សោយ និងធ្វើឲ្យប្រាក់ចំណូលនៅក្នុងវិស័យនេះថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃអង្គារ ទី២២ ខែមេសា។
.jpg)
តាមទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ៖ ទីផ្សារទេសចរណ៍របស់ប្រទេសថៃក្នុងតំបន់អាស៊ីដែលសំខាន់ៗរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម បានថយចុះយ៉ាងហោចណាស់ 17% ក្នុងរយៈពេលនេះ។ ការថយចុះនេះ ត្រូវបានគេសន្និដ្ឋានថាដោយសារតែបញ្ហាទំនុកចិត្តលើសុវត្ថិភាពនៅក្នុងប្រទេសថៃ និងការកាត់បន្ថយចំនួនជើងហោះហើរក្រោយការបញ្ចប់ពិធីបុណ្យ Songkran។

អ្នកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រសួងទេសចរណ៍ថៃបាននិយាយថា ៖ ដោយសារតែកត្តាអវិជ្ជមានមួយចំនួន ទើបធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងផលប៉ះពាល់នៃសេដ្ឋកិច្ចបន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលដល់គោលដៅទេសចរណ៍របស់យើង ដូច្នេះយើងត្រូវការផ្លាស់ប្តូរផែនការដើម្បីរក្សាប្រាក់ចំណូលសម្រាប់ជាតិ។

អ្នកស្រី Natthriya បានបន្តទៀតថា ៖ ប្រទេសនៅក្នុងតំបន់អាស៊ីដែលតែងមានប្រជាជនមកលេងកម្សាន្តក្នុងប្រទេសថៃច្រើនជាងគេរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម។ ប៉ុន្តែគិតមកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរទាំងនោះបានធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។

លោក Sisdivachr Cheewarattanaporn ប្រធានទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ថៃបាននិយាយថា ប្រទេសថៃកំពុងដោះស្រាយវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។.jpg)
គាត់បាននិយាយថា “ពេលវេលាចុងក្រោយដែលយើងប្រឈមមុខនឹងការធ្លាក់ចុះដ៏ធំគឺនៅក្នុងឆ្នាំ 2018 បន្ទាប់ពីឧប្បត្តិហេតុទូកដ៏ម..រណៈនៅភូកេត ដែលបានបណ្តាលឱ្យមនុស្ស 47 នាក់បានស្លា..ប់។ ហើយស្ថានភាពឥឡូវនេះកាន់តែតឹងតែងដោយសារតែទីផ្សារត្រូវបានរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានជាច្រើន ដែលបង្ករមកពីផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធរបស់សហរដ្ឋអាមេរិក។
បញ្ហាការស្រុតចុះនៃចំនួនភ្ញៀវទេសចរនេះបានបង្ការជាក្ដីបារម្ភសម្រាប់ប្រទេសថៃ ដូចនេះរាជរដ្ឋាភិបាលថៃនឹងបង្កើតយន្តការថ្មីដោយការកសាងទំនាក់ទំនងជិតស្និតជាមួយស្ថានទូតរបស់ប្រទេសនានានៅក្នុងប្រទេស ព្រមទាំងណែនាំយុទ្ធសាស្រ្តថ្មីៗទៅកាន់ក្រុមអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត ធ្វើការផ្សព្វផ្សាយយ៉ាងណាឲ្យភ្ញៀវទេសចរមានទំនុកចិត្តឡើងវិញ៕










