សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានជួបហេតុការណ៍ភ្លើងឆេះម៉ាស៊ីនផ្នែកខាងស្តាំ ខណៈពេលយន្តហោះនេះកំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ សហរដ្ឋអាមេរិក ។ បុគ្គលិកអាកាសចរណ៍បានជម្លៀសអ្នកដំណើរជិត៣០០នាក់ ចេញពីយន្តហោះជាបន្ទាន់ និងគ្មានអ្នកដំណើរណាម្នាក់រងរបួស ឬមានគ្រោះថ្នា.ក់ទេ ។
វាជាយន្តហោះ Airbus A330 ដែលត្រៀមធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ ប៉ុន្តែស្រាប់តែមានភ្លើងឆេះម៉ាស៊ីនយន្តហោះ ទើបធ្វើឱ្យយន្តហោះពុំអាចហោះហើរបាន ។ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) ប្រកាសថា ពួកគេនឹងចាប់ផ្តើមស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យភ្លើងឆេះម៉ាស៊ីនយន្តហោះ ។
.png)
នេះជាហេតុការណ៍គ្រោះថ្នាក់កើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលើកចុងក្រោយ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមយន្តហោះអាមេរិក ។ កន្លងមក មានហេតុការណ៍យន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines បុកឧទ្ធម្ភាគចក្រ Blackhawk នៅកណ្តាលអាកាស ក្បែរអាកាសយានដ្ឋាន Reagan Washington ដែលបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៦៧នាក់ ។
.png)
ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បញ្ជាក់ថា យន្តហោះឆេះម៉ាស៊ីននេះបានដឹកអ្នកដំណើរចំនួន២៨២នាក់ និងបុគ្គលិកអាកាសចរណ៍១២នាក់ ដោយបុគ្គលិកអាកាសចរណ៍បានអនុវត្តតាមដំណាក់កាលជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះដោយសុវត្ថិភាព ក្រោយភ្លើងឆេះម៉ាស៊ីនយន្តហោះ ។.png)
បើតាមអាកាសយានដ្ឋានអន្តរជាតិ Orlando គឺភ្នាក់ងារសង្គ្រោះ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ។ រីឯក្រុមហ៊ុនយន្តហោះ Airbus ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ ។

គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះម៉ាស៊ីនយន្តហោះបានកើតឡើងជាញឹកញាប់នាប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមផ្លូវអាកាស ។ កាលពីខែមីនា កន្លងមក ភ្លើងបានឆេះម៉ាស៊ីនយន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines ១គ្រឿងក្នុងអាកាសយានដ្ឋាន និងត្រូវជម្លៀសអ្នកដំណើរឡើងលើស្លាបយន្តហោះ ៕










