រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេក្លោងឆបោ..កចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋដែលរងគ្រោះទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកចា..ប់ខ្លួន ដោយចោទប្រកាន់ពីបទឆបោ..កក្នុងទឹកប្រាក់ប្រមាណជិត ១៦លានដុល្លាអាមេរិក។
នៅរសៀលថ្ងៃទី២១ មេសា នេះ នគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចុះទៅនាំខ្លួនបុគ្គល២រូប ដែលពលរដ្ឋរងគ្រោះចោទថាជាជនឆបោ..ក នាំយកទៅស្នងការនគរបាលរាជធានី ដើម្បីចាត់ការតាមច្បាប់ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា៖ កាលពីឆ្នាំ ២០២២ពួកគាត់ត្រូវបានមេខ្យល់ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន ឌី បេស ហ្រ្គីន ឡាយហ៍ (ខេមបូឌា) ឯ.ក មានទីស្នាក់ការដំបូងនៅសង្កាត់ស្នោ ចំនួន៣នាក់មានដូចជា ឈ្មោះដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាព ជាស្ថាបនិកក្រុមហ៊ុននិងលោកម៉ៅ ជាតិតា ជាប្រធានទីផ្សារ បានអូសទាញប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ឲ្យមកទិញដី និងបណ្ដាក់ទុនវិនិយោគលើគម្រោងអចលនទ្រព្យជាមួយក្រុមហ៊ុនខាងលើ ដើម្បីទទួលបានការប្រាក់ ៥% ត្រឡប់មកវិញជារៀងរាល់ខែ។
ក្រោយពីឃើញថាមានការចុះកិច្ចសន្យាត្រឹមត្រូវ ពលរដ្ឋទាំងនោះបានមានការទុកចិត្ត និងយកប្រាក់មកវិនិយោគជាមួយក្រុមហ៊ុន ដោយក្នុងម្នាក់ដាក់ចាប់ពីខ្ទង់ម៉ឺនដុល្លាឡើងទៅមាន ដូចជា ១ម៉ឺន ២ម៉ឺន និងមានអ្នកខ្លះបណ្ដាក់រហូតដល់ជិត២លានដុល្លាអាមេរិកឯណោះ។ តាមប្រភពពលរដ្ឋដដែលបានបន្ថែមទៀតថា ៖ ការប្រាក់ ៥%ពីទឹកប្រាក់សរុបដែលពួកគាត់បានបណ្ដាក់ទុននោះ ពិតជាបានមែនក្នុងអំឡុងពេលចន្លោះពី ៣-៤ ទៅ ១០ខែដំបូង។ ប៉ុន្តែក្រោយៗមកទៀត ស្រាប់តែស្ងាត់ដំណឹងក្រុមហ៊ុនឈឹង និងបន្ទាប់មកទៀតលឺថាក្រុមហ៊ុនបានប្ដូរទីស្នាក់ការពីសង្កាត់ស្នោ ទៅតាំងទីនៅខណ្ឌសែនសុខវិញម្ដង ទើបពួកគាត់សង្ស័យថាជាករណីឆបោ..ក និងនាំគ្នាដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាង៤០ នាក់ផ្សេងទៀតដែលបានមកឈររង់ចាំការដោះស្រាយនៅមុខទីស្នាក់ការក្រុមហ៊ុននៅខណ្ឌសែនសុខបាននិយាយថា៖ គាត់បានចា..ញ់បោ..កការឃោសនារបស់មេខ្យល់ខាងលើ ដោយចំណាយទឹកប្រាក់អស់ជាង២ម៉ឺនដុល្លាក្នុងការវិនិយោគនេះ។ គាត់បានបញ្ជាក់ផងដែរថា៖ ប្រាក់ដែលគាត់បានយកទៅដាក់នោះ គឺជាប្រាក់ឥណទានដែលគាត់បានខ្ចីពីធនាគារ ហើយពេលនេះគាត់លែងទទួលបានការប្រាក់ហើយ ប្រាក់ដើមក៏បា..ត់ទៅ ថែមទាំងត្រូវរកប្រាក់មកសងធនាគារទៀត។ ដូចនេះគាត់និងមនុស្សជាច្រើនផ្សេងទៀតស្នើសុំឲ្យច្បាប់មានដំណោះស្រាយឆាប់រហ័សទៅលើក្រុមហ៊ុនឆបោ..កខាងលើ។
តាមប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងទៀតថា ទឹកប្រាក់ដែលក្រុមហ៊ុន ឌី បេស ហ្រ្គីន ឡាយហ៍ ប្រមូលបានពីប្រជាពលរដ្ឋប្រហែល២ពាន់នាក់នោះសរុបចំនួន ១៥,៨៧០,០០០ដុល្លារ គិតចាប់ពីឆ្នាំ ២០២២មក។ ហើយបច្ចុប្បន្នដោយភាពគ្មានដំណោះស្រាយពីក្រុមហ៊ុន មានជនរងគ្រោះខ្លះត្រូវជាប់បំណុលគេវ័ន្តក ខ្លះទៀតបា..ក់ទឹកចិត្តពេករហូតដល់ធ្លាក់ខ្លួនឈឺ និងថែមទាំងមានអ្នកធ្វើអត្ត..ឃា..តទៀតផង។
កាលពីថ្ងៃទី ២០ ខែមេសា ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកតវ៉ានៅខាងមុខទីស្នាក់ការរបស់ក្រុមហ៊ុនក្នុងខណ្ឌសែនសុខម្ដង និងបានប្រទះឃើញស្ថាបនិកក្រុមហ៊ុនឈ្មោះទួច សុភាពនៅទីនោះ ក៍បានទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន តែពុំត្រូវបានសមត្ថកិច្ចនាំខ្លួនទៅចាត់ការឡើយ។ ដោយឡែក នៅព្រឹកថ្ងៃទី២១ខែមេសានេះប្រជាពលរដ្ឋក៏បានលើកគ្នាមកទីស្នាក់ការជាថ្មីម្ដងទៀត ចំណែកជនឆបោកដែលជាស្ថាបនិកក្រុមហ៊ុនស្ថិតនៅមុខស្នាក់ការក្រុមហ៊ុន១យប់ហើយដោយមានកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនិងនគរបាលនៅយាម។ រហូតដល់ម៉ោង១រសៀល បុគ្គលនោះត្រូវពលរដ្ឋឃាត់ទុកនៅឡើយ ដោយម្នាក់ៗមានកំហឹងជាខ្លាំងស្ទើរផ្ទុះហឹង្សាទៅហើយនាំគ្នាបិទផ្លូវតវ៉ាតែម្តង។
ទោះជាយ៉ាងណា ខណៈពេលនេះជនសង្ស័យដែលជាមេក្លោងឆបោ..កខាងលើចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខនាំខ្លួនយកទៅស្នងការនគរបាលជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំការដោះស្រាយ ប៉ុន្តែនៅមិនទាន់មានសេចក្ដីសម្រេចណាមួយចេញពីសាលាដំបូងនៅឡើយទេ៕