នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នេះ តាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី២០ ខែមេសា លោក ជិរ៉ាយុ ហួងសាប់ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នឹងធ្វើជាប្រធានក្នុងពិធីអបអរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងចុះហត្ថលេខាលើឯកសារសំខាន់ៗរួមគ្នា ។ ក្រៅពីនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងចូលជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងជួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ។
នេះជាការធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃ និងដើម្បីចូលរួមអបអរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ ។ វានឹងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ ជាពិសេស កិច្ចសហការផ្នែកសន្តិសុខ, ដោះស្រាយបញ្ហាឆ្លងព្រំដែន សេដ្ឋកិច្ច, កិច្ចសហការដើម្បីអភិវឌ្ឍន៍, ទំនាក់ទំនងរវាងពលរដ្ឋខ្មែរនិងថៃ រួមទាំងលើកកម្ពស់កិច្ចសហការក្នុងតំបន់ ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ហួងសាប់ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ។

គួរបញ្ជាក់ថា ភាគីនានានៅប្រទេសថៃចាប់អារម្មណ៍នឹងដំណើរទស្សនកិច្ចមកកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងប្រធានបទជជែកគ្នាពីការចុះកិច្ចព្រមព្រៀង MOU ឬការអះអាងភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្ររវាងកម្ពុជា-ថៃ តើប្រទេសទាំងពីរនឹងសហការគ្នាដូចម្តេច? ។ ពលរដ្ឋថៃ និងមន្ត្រីគណបក្សប្រឆាំងថៃបានអំពាវនាវឱ្យលុបចោល MOU ឆ្នាំ២០០១ រួមទាំងពិភាក្សាពីបញ្ហាព្រំដែនរវាងប្រទេសទាំង២ ៕