នៅថ្ងៃទី ១៤ ខែមេសា Katy Perry បានបញ្ចប់ការធ្វើដំណើររយៈពេល ១១ នាទីនៅលើរ៉ុក្កែត New Shepard ហើយនាងក្លាយជាតារាចម្រៀងប៉ុបដំបូងគេដែលបានហោះហើរទៅកាន់លំហ។ នាងគឺជាសមាជិកស្រីម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំមួយរូបនៃ NS-31 ដែលជាគម្រោងហោះហើរទី ១១ របស់ក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយមហាសេដ្ឋីអាម៉េរិក Jeff Bezos ។

បន្ទាប់ពីចាកចេញពីការហោះហើរអវកាសតារាចម្រៀងស្រីរូបនេះបានទាក់ទាញការចាប់អារម្មណ៍ដោយលុតជង្គង់ និងថើបដីដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះផែនដី។ Katy Perry ក៏បានទាក់ចិត្តមនុស្សជាច្រើនផងដែរនៅពេលដែលនាងយកផ្កា Daisy មកធ្វើជាវិធីចងចាំកូនស្រីពេញមួយដំណើររបស់ខ្លួន។ Daisy គឺជាផ្កាដែលតំណាងឱ្យភាពធន់និងភាពរឹងមាំនៅក្នុងគ្រប់ស្ថានភាពរស់នៅ។ .png)
កូនស្រីរបស់នាង និងតារាសម្តែង Orlando Bloom ក៏មានវត្តមាននៅកន្លែងចាប់ផ្តើម ដើម្បីតាមដានដំណើររបស់ក្រុមស្រ្តីដែលហោះទៅលំហអាកាសផងដែរ។ វត្តមានរបស់ Daisy កូនស្រីរបស់ Katy Perry បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែពួកគេកំណត់ការបង្ហាញមុខកូនរបស់ពួកគេជាសាធារណៈ។ Daily Mail បាននិយាយថា គូស្នេហ៍មួយគូនេះ បានពិចារណាអស់រយៈពេលជាយូរ មុននឹងសម្រេចចិត្តអនុញ្ញាតឱ្យ Daisy បង្ហាញខ្លួននៅកន្លែងបើកដំណើរការ ព្រោះខ្លាចមានហានិភ័យណាមួយ។ ទីបំផុតអ្នកទាំងពីរបាននាំកូនមកព្រោះតែចង់ឱ្យកូនរបស់គេមានមោទនភាពចំពោះម្តាយរបស់ខ្លួន និងបំផុសគំនិតឱ្យបន្តក្តីសុបិនរបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការហោះហើរ Katy Perry បាននិយាយថាការធ្វើដំណើរក្នុងលំហអាកាសគឺជាបទពិសោធន៍ដ៏ល្អសម្រាប់នាង ប៉ុន្តែវាមិនអាចប្រៀបធៀបទៅនឹងការក្លាយជាម្តាយបានទេ។ នាងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនាវិកឬក៏អត់ ដោយសារតែនាងខ្លាចជួបនឹងរឿងដែលមិននឹកស្មានដល់ ហើយមិនចង់ចាកចេញពីកូនរបស់នាង។ ប៉ុន្តែតារាចម្រៀងរូបនេះបានសម្រេចចិត្តចូលរួមព្រោះចង់ធ្វើជាគំរូនៃភាពក្លាហាននិងតម្លៃខ្លួនសម្រាប់ Daisy។ នាងបានបន្ថែមថា «ខ្ញុំបានយកឈ្នះលើការថប់បារម្ភរបស់ខ្ញុំ ហើយជឿជាក់ថាសកលលោកនឹងថែរក្សា និងការពារខ្ញុំ គ្រួសាររបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំ»៕










