រដ្ឋវ៉ាស៊ីនតោន ៖ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខាងសេតវិមានបានបញ្ជាក់ថា លោក Trump បានកំណត់យកពន្ធគយពីចិនជាមធ្យមក្នុងអត្រា 125% ទៅលើមុខទំនិញសម្ភារៈប្រើប្រាស់ទូទៅ។ ប៉ុន្តែចំពោះការនាំចូលទំនិញមួយចំនួនដែលមានសារធាតុ Fentanyl ដូចជា ឪសថ, គីមីសាស្ត្រ និងផលិតផលមួយចំនួនទៀត នឹងត្រូវកើនឡើងរហូតដល់ 145%។
តាមប្រភព CNBC បានឲ្យដឹងថា ៖ លោកប្រធានាធិបតី Donald Trump បានគិតលើដៃគូពាណិជ្ជកម្មកំពូលៗជាច្រើនរបស់អាមេរិក ប៉ុន្តែពន្ធដែលដាក់លើប្រទេសចិននឹងមិនមានការអនុគ្រោះឡើយ ពោលគឺនឹងកើនឡើងដល់ 145% លើការនាំចូលមួយចំនួន។

កាលពីថ្ងៃពុធ ទី9 ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Trump បានប្រកាសថា គម្រោងពន្ធបដិការរបស់លោកនឹងត្រូវបានដាក់ឲ្យផ្អាករយៈពេល 90 ថ្ងៃសិន បន្ទាប់ពីប្រទេសជាច្រើន បានចេញមុខមកសុំធ្វើកិច្ចព្រមព្រៀង និងចរចា ដោយទម្លាក់អត្រាពន្ធគយមកត្រឹម 10% ជាបណ្ដោះអាសន្នក្នុងពេលនេះ។
ការបន្ធូរបន្ថយ ឲ្យបណ្ដារប្រទេសជាច្រើនដែលរួមមានទាំងកម្ពុជាផងដែរ ប៉ុន្តែមិនបានអនុវត្តចំពោះ ប្រទេសចិននេះ គឺជាការទះកំផ្លៀងចិនដោយកំណត់យកពន្ធ 125% លើអ្វីដែលលោក Trump ហៅថា “ការខ្វះការគោរព” ពីទីក្រុងប៉េកាំង។ ក្រៅពីនោះ ក៏បន្ថែមអត្រាចំនួន 20% ទៀត ទៅលើ “ពន្ធ fentanyl” ដូចនេះវាមានន័យថាការនាំចូលមួយចំនួនរបស់ចិន នឹងត្រូវទទួលពន្ធសរុបចំនួន 145% ។
គួរំលឹកថា កាលពីពេលដែលអាមេរិកតម្លើងពន្ធដល់ 104% នៅថ្ងៃព្រហស្បតិ៍ ទី10 មេសា ប្រទេសចិនបានសងសឹកវិញដោយការដាក់អត្រាពន្ធនៅក្នុងប្រទេសខ្លួន លើទំនិញរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានក្នុងអត្រា 84%ផងដែរ៕