រាជធានីភ្នំពេញ ៖ ទោះស្ថិតនៅក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងឆ្លៀតអញ្ជើញមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាសំខាន់ៗមួយចំនួនជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗនេះ។
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី ជីនពីង នឹងចូលគាល់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ព្រមទាំងនឹងជួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ដីពីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្ដូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូចរដ្ឋនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
គួរជម្រាបថា នៅក្នុងឳកាសដ៏ពិសេសនេះ មានឯកសារជាច្រើនដែលត្រូវបានគេរំពឹងថានឹងទទួលបានការចុះហត្ថលេខាពីសំណាក់ឯកឧត្តមប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានានៅកម្ពុជា តាមរយៈដំណើរនៃទស្សនកិច្ចមួយនេះ៕