រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលប្រធានាធិបតី Donald J.Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ តាមរយ:ការកម្ពុជាបានស្វែងរកដំណោះស្រាយ និងព្យាយាមរៀបចំយន្តការផ្សេងៗ ដើម្បីត្រៀមធ្វើការចរចាជាមួយអាមេរិក។
ថ្វីត្បិតថា មិនទាន់មានការប្រែប្រួលច្បាស់លាស់ទាំងស្រុង ប៉ុន្តែកម្ពុជាទទួលបានការឆ្លើយតបវិជ្ជមាន ដូចនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីដំណើរការលើការអនុវត្តពន្ធគយបដិការរបស់អាមេរិកដូចខាងក្រោមដូចខាងក្រោម៖
១. យោងតាមការចុះផ្សាយរបស់ខាងសេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) ឯកឧត្តមប្រធានាធិបតី Donald J.Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិកការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះអត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹម ១០% តែប៉ុណ្ណោះ។

២. រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិក លើសំណើរសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញពីឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។
៣. ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗខាងមុខនេះ។
យោងតាមវឌ្ឍនភាពដូចដែលបានរៀបរាប់ខាងលើ ទាំងនេះគឺជាដំណឹងល្អសម្រាប់កម្ពុជា ក្នុងការរក្សាការធ្វើពាណិជ្ជកម្មទ្វេរភាគីជាមួយសហរដ្ឋងាមេរិក។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ផងដែរថា៖ ប្រមុខរាជរដ្ឋាភិបាលមានសម្ដេច នាយករដ្ឋមន្រ្តី និងស្ថាប័នដែលពាក់ព័ន្ធនឹងបន្តធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង៕